2024-02-26 07:02
76

 នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

   ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលយើងបានជួបជុំគ្នារៀបចំ ពិធីផ្សព្វផ្សាយផែនការលេខ ០១ផក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) និងបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការ ម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ។
   ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី និងប្អូនៗយុវនទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនេះ។ នាងខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែល  តែងតែណែនាំដល់រាជធានី ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ពាក់ព័ន្ធបញ្ហានេះ ស្ថានការណ៍បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តកើតមានគួរឱ្យព្រួយបារម្ភក្នុងការលួចលាក់កែច្នៃនិងវេចខ្ចប់គ្រឿងញៀន តាមរូបភាពផ្សេងៗ រួមទាំងការចរាចរ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ខេត្តកោះកុងរបស់យើង ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពគ្រឿងញៀននៅតែមានជាហូរហែរ ដែលក្នុងនោះរួមមាន៖
-មុនឆ្នាំ២០១៥ អាចនិយាយបានថា កម្ពុជា គ្រាន់តែជាប្រទេសដែលទទួលរងនូវ ផលប៉ះពាល់នៃគ្រឿងញៀនតិចតួចជាងគេនៅក្នុងតំបន់។ តែបច្ចុប្បន្ន បើយោងលើ ស្ថានភាពជាក់ស្ដែង យោងលើលទ្ធផលបង្ក្រាបរបស់សមត្ថកិច្ច និងកំណើននៃការ បង្កើតថ្មីនៃមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា កម្ពុជាបាននឹងកំពុងទទួលរងផលប៉ះពាល់នៃបញ្ហាគ្រឿងញៀនដូចបណ្តាប្រទេសផ្សេងទៀត។ បើស្ថានភាពបែប នេះនៅតែបន្ត កម្ពុជា នឹងអាចក្លាយជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ ធ្ងន់ធ្ងរជាងបណ្តាប្រទេសនានា
-ការជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ទោះបីក្នុងទ្រង់ទ្រាយតូចៗ ក៏ពិតមែន តែមានចំនួនច្រើនសកម្មភាព។ ប្រភេទគ្រឿងញៀន ដែលបានបង្ក្រាប និងប្រើប្រាស់ភាគច្រើន គឺជាប្រភេទICE មិនមែនប្រភេទគ្រាប់ ដូចមុន ដែលការផ្លាស់ប្តូរពីប្រភេទគ្រាប់ ទៅជាការកើនឡើងនូវ ប្រភេទ ICE នេះ គឺជាសញ្ញានៃការបង្កគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់
-ការចរាចរជួញដូរករណីធំៗត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ថ្នាក់ខេត្តនិងក្រុងស្រុក បង្ក្រាបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។ប៉ុន្តែករណី ចែកចាយ លក់ដូរ តូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិឃុំសង្កាត់មួយចំនួនក្នុង ខេត្ត នៅតែជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវ តែបន្តគិតគូរ យកចិត្តទុកដាក់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត និងឱ្យបានទាន់ពេលវេលាដូចដែលយើងបានខិតខំអនុវត្តនៅក្នុងផែនការយុទ្ធនាការ លើកទី៧ ឆ្នាំ២០២២ និងលើកទី៨ឆ្នាំ២០២៣ កន្លងមក។
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ      គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លេខាធិការដ្ឋាន តុលាការខេត្ត អយ្យការអម សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងកោះកុង និងអាជ្ញាធរក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំអនុវត្ត និងចូលរួមសហការយ៉ាងសកម្មក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននាពេលកន្លងមកនេះ។
ស្ថិតក្នុងស្ថានភាព និងបរិបទខាងលើនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកត្តិបណ្ឌិត និងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវ ផែនការលេខ ០១ផក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) សម្រាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិចាត់តាំង អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះក្នុងនាម ជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុតក្នុងការអនុវត្តផែនការខាងលើ ដើម្បីទប់ស្កាត់
និងបង្ក្រាបបញ្ហាគ្រឿងញៀនក្នុងពេលបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវអនុវត្តយ៉ាងដាច់ខាតនូវ បទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល កម្ពុជា។

ដើម្បីឱ្យ ខេត្តកោះកុងយើង សម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្ត ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាម បទបញ្ជា និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំ លើឆន្ទៈ និងការ តាំងចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសសមត្ថកិច្ចជំនាញ ក្នុងគោលដៅ ទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា និងវិបត្តិនានាដែលបង្កឡើង នៅក្នុងមូលដ្ឋាន ជាក់ជាមិនខាន។  
ឈរលើខ្លឹមសារ និងស្មារតីនេះ នាងខ្ញុំសូម ប្រកាសបើកពិធីផ្សព្វផ្សាយ ផែនការលេខ ០១ផក និងបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងមតិចំណាប់អារម្មណ៍របស់មន្ទីរ អង្គភាពពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ !