2023-10-04 04:10
260

(ខេត្តកែប) ៖  នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០៣នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកស្រី អ៊ុល ភីរុណ  អភិបាលស្តីទីខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ក្រុមប្រឹក្សា និង គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព បាន អញ្ជើញចូលរួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៥ នៅវត្តចរិយាវង្ស ដែលស្ថិតនៅក្នុងភូមិ អូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនាដ៏រុង រឿងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និង រាប់បាត្រ ដារ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ សូមឲ្យបានទៅសោយសុខ នាទីស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់  ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ ។

បច្ច័យ ទេយ្យទាន និង គ្រឿងអត្ថបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង និង បច្ច័យមួយចំនួន សម្រាប់កសាង ប្រគេនព្រះសង្ឃ   និងជូន លោកយាយ លោកតា ពុទ្ធបរិស័ទចូលរួមផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៥នេះ ឯកឧត្តមលោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិទ្ធជិតឆ្ងាយ ក៏បាន លំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលទ្រង់យាងសោយព្រះទីវង្គត់គម្រប់ខួប១១ព្រះវស្សា សូមព្រះវិញ្ញាណខន្ធ ព្រះអង្គយាង ចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយបការៈដទៃឡើយ។

ក្នុងនោះដែរ ព្រះជលធីវាសី តេន រេម ព្រះមេគណនៃគណៈមហានិកាយខេត្តកែប ក៏បានមានសង្ឃដីការ ទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមជាមួយអាជ្ញាធរខេត្ត ដើម្បីលើកកំពស់ ចលនាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ក្នុងការថែរក្សាបាននូវសន្តិសុខសុវត្ថិភាពក្នុងសហគមន៍ ក៏ដូចជាខេត្តកែប ទាំងមូល ពិសេសលើកម្ពស់សីលធម៌រស់ របស់ប្រជាពុទ្ធបរិស័ទ អោយលុះក្នុងធម៌ និងតំបូន្មានព្រះពុទ្ធសាសនា  ចេះធ្វើទានរក្សាសីល អប់រំកូនចៅ អោយក្លាយជាពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សី  របស់ប្រទេសជាតិតទៅ។(សឹង រ៉ាត់)