2023-12-09 12:12
141

 (កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តចាត់ក្រុមការងារនាំយកថវិកាជាង ២,០០០ដុល្លារ ចុះប្រគល់ជូនគណៈកម្មការវត្តពាមមង្គល ស្ថិតក្នុងភូមិពាម ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរៀបចំជួលជុលរថយន្ត សម្រាប់ដឹកសាកសពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ និងបន្តប្រគល់ថវិកាជូនគ្រួសារ មានសមាជិកទទួលមរណភាពក្នុងឃុំរកាកោង២ ចំនួន ៦គ្រួសារ រួមទាំងជួយចេញថ្លៃក្តាមជ្ឈូស ជូនគ្រួសារមានសមាជិកទទួលមរណៈភាព មួយគ្រួសារបន្ថែមទៀតផងដែរ។

 តំណាងព្រះចៅអធិការវត្តពាមមង្គល ក៏បានគោរពថ្លែងអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែជួយឧបត្ថម្ភដល់វត្តពាមមង្គល តាមរយៈលោក ហាស់ វ៉ារី នាពេលកន្លងមកជាបន្តបន្ទាប់ ជាពិសេសការជួយឧត្ថម្ភថវិកា ២,០០០ដុល្លារ សម្រាប់ជួសជុលរថយន្តដឹកសពនេះ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបកាលំបាក។

 តំណាងព្រះចៅអធិការវត្តពាមមង្គល ក៏បានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចំរើនគ្រប់ប្រការផងដែរ។ សូមគោរពជូនពរលោក ហាស់ វ៉ារី ទីព្រឹក្សារផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការផងដែរ។

 បើតាមលោក លឹម លីន ជំនួយការលោក ហាស់ វ៉ារី បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២កន្លងមកនេះ ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានជួយឧបត្ថម្ភដល់ឃុំរកាកោងទី២ ជាបន្តបន្ទាប់ ក្នុងនោះតាមរយៈលោក ហាស់ វ៉ារី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណភាពនៅក្នុងឃុំ រកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល និងឃុំស្រង៉ែ ស្រុកព្រៃឈរ អស់ថវិកាចំនួន ៧៤លានរៀល។ ក្នុងនោះគិតចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះបានចំណាយថវិកាជួយដល់គ្រួសារដែលមានសមាជិកទទួលមរណភាពអស់ជាច្រើនលានផងដែរ។

 បើតាមលោក លឹម លីន កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណភាពនៅក្នុងមូលដ្ឋានឃុំរកាកោងទី២ ស្រុកមុខកំពូល សម្ដេចទាំងទ្វេតែងតែបានចូលរួមរំលែកទុក្ខ ក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី និងលោក កុយ រុន មេឃុំរកាកោងទី២ ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ៕