2023-10-27 03:10
382

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ កំពុងបន្តស្នាក់នៅទីទួលមានសុវត្ថិភាព ដោយសារផ្ទះពួកគាត់លិចលង់នៅក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលអំណោយពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពេលលោករួមដំណើរដោយជាមួយលោក ឃ្លោក នួយ អភិបាលរងខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខពួកគាត់។

លោក អ៊ុំ រាត្រី បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនជានិច្ច ហើយមិនទុកឲ្យបងប្អូនណាម្នាក់ចោល និងអត់អាហារស្លាប់នោះឡើយ។

លោកក៏បានចូលរួមសោកស្ដាយចំពោះបងប្អូនដែលទទួលរងគ្រោះ លិចផ្ទះសំបែង ផលដំណាំផ្សេងៗ ហើយសង្ឃឹមថា ពេលបងប្អូនវិលត្រឡប់ទៅរស់នៅផ្ទះសំបែងវិញនោះ និងបន្តខិតខំធ្វើការរកទទួលទាន និងដាំដំណាំ បន្លែ ចិញ្ចឹមសត្វឡើងវិញ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

លោកបានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលវិលត្រឡប់ទៅផ្ទះសំបែងវិញនោះ សូមប្រុងប្រយ័ត្នចំពោះសត្វអាសេរពិស ព្រមទាំងហាមប្រាមដល់កូនចៅ ក្មេងតូចៗ ពួកគាត់តែងតែសប្បាយ និងការលេងទឹក ព្រោះថារយៈកន្លងមកមានមនុស្សស្លាប់ដោយសារលង់ទឹក នៅក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន ១១នាក់ ភាគច្រើនជាក្មេងៗ។

គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូននាឱកាសនេះ ក្នុង១គ្រួសារៗ ទទួលបានអង្ករ១៥គីឡូក្រាម ឃីត១ថង់ រួមមានគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕