2024-01-10 01:01
94

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការ ចំនួន ២ រួមមាន៖ (១)- យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីក្រសួងយុត្តិធម៌ រសៀល ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញវិធានការតឹងរឹងដាច់ខាត និងគោលការត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ ចំពោះសំណុំរឿង ចំនួន ០៣ប្រភេទ គឺ៖ ទី១- សំណុំរឿក្តីគ្រឿងញៀន, ទី២- សំណុំរឿងគ្រោះថ្នាក់ចរាចរ និង ទី៣- សំណុំរឿងក្តីទាក់ទងនឹងអត្រានុកូលដ្ឋាន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងទៀតថាៈ ការងារអាទិភាពទាំងនេះ គឺប៉ះពាល់ផ្ទាល់ជាមួយប្រជាពរដ្ឋដែលរងគ្រោះផ្ទាល់ដែលយើងត្រូវយកការទទួលខុសត្រូវខ្ពស់មួយចំពោះមុខក្នុងការប្រឈមដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត។

ទី១- ករណីគ្រឿងញៀន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថាៈ បញ្ហាសន្តិសុខ ជាពិសេស បញ្ហាគ្រឿងញៀន ស្ថិតក្នុងវិធានការគន្លឹះទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសដាក់ចេញក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមបានបន្ថែមទៀតថា គ្រាន់តែសំណុំរឿងគ្រឿងញៀន ស្ថិតនៅតុលាការ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានសំណុំរឿងសរុបជាង ៦៦% នៃសំណុំរឿងព្រហ្មទណ្ឌទាំងអស់នៅតុលាការទំហំនេះធំណាស់ ត្រូវមើលពីការគ្រោះថ្នាក់អំពីបញ្ហាគ្រឿងញៀនដល់សង្គម។

ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាៈ «សម្រាប់ក្នងប្រព័ន្ធតុលាលារស្នើសុំដាច់ខាតកុំលើកលែងឱ្យសោះ ត្រូវម៉ឺងម៉ាត់ ក្នុងពេលខាងមុខនឹងមានការកែច្បាប់គ្រឿងផងដែរ»។ តាមរយៈសន្និសីទសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថាៈ អ្វីដែលជាការចង់បាន និងជាការស្នើសុំដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការទាំងអស់ ត្រូវធានាដាច់ខាតនូវគោលការណ៍កាងារ គឺ «ទី១- តម្រាភាព, ទី២- ភាពម៉ឺងម៉ាត់ និង ទី៣- ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់» ហើយមន្ត្រីតុលាការក៏ត្រូវរួមចំណែកក្នុងការទទួលខុសត្រូវចំពោះមុខប្រជាជាតិដែរ ជាពិសេស បញ្ហាគ្រឿងញៀននេះតែម្តង។ អញ្ចឹងផ្តើមចេញពីបញ្ហានេះ យើងត្រូវធ្វើការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក្រសួងយុត្តិធម៌ត្រូវម៉ឺងម៉ាត់លើរឿងនេះ គឺសាលាជំរះក្តី និងអង្គការអយ្យការអមសាលាជំរះក្តី ត្រូវរៀបចំចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបង្ហាញនូវតម្លាភាពនៅក្នុងចំណាត់ការសំណុំរឿងក្តីគ្រឿងនៅគ្រប់ដំណាក់ការទាំងអស់នៃនិតិវិធី។

ទី២- សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមឧបនាយកដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថាៈ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មានប្រហែល ១២% នៃសំណុំរឿងសរុប នៅពេលគ្រោះថ្នាកចរាចរណ៍ ជនរងគ្រោះបានរងគ្រោះដោយសារគ្រោះថ្នាក់ចរចរណ៍ហើយ កុំឱ្យគាត់រងគ្រោះក្នុងតំណើរការនិតិវិធីមួយទៀត។ អញ្ចឹងបញ្ហាអាទិភាពជនរងគ្រោះមុនគេបំផុតសម្រាប់ជនរងគ្រោះ គឺសំណង ចុះបើរឿងនេះស្លាប់ទាំងម្តាយ ឪពុករកតែលុយធ្វើបុណ្យសពក៏លំបាកដែរ ប៉ុន្តែបើត្រូវការសំណងត្រូវរងចាំ ៣ឆ្នាំ ដូច្នេះមិនត្រូវឱ្យគាត់់រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយ ត្រូវមករងគ្រោះដោយសារការអូសបន្លាយនិតិវិធីបន្តទៀតទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាៈ «បញ្ហានេះក្រសួងយុត្តិធម៌នឹងណែនាំឱ្យតុលាការទាំងខាងព្រះរាជអាជ្ញា ទាំងខាងសាលាជំរះក្តី ចាត់តាំងឱ្យមានព្រះរាជអាជ្ញារង និងចៅក្រមដែលទទួលបន្ទុកលើរឿងការងារចរាចរណ៍តែម្តង»។ លោកបានបញ្ជាក់បន្ថែមទៀតថាៈ «ចំពោះអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចណ៍ត្រូវទទួលខុសត្រូវដោយម៉ឺងម៉ាត់តាមផ្លូវច្បាប់ ហើយជៀសវាងដាច់ខាតរឿងបុកគេស្លាប់ហើយបង់លុយរួចខ្លួន ប៉ុន្តែត្រូវធានាមុនគេបំផុត ទី១) សំណងសម្រាប់ជនរងគ្រោះ, ទី២) ត្រូវកំណត់អ្នកណាខុសអ្នកណាត្រូវ ត្រូវតែពិនិត្យតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ មិនប្រាកដថាពេលខ្លះថ្មើជើងជាអ្នកត្រូវទេ ឬអ្នកជិះម៉ូតូអ្នកត្រូវហើយអ្នកបើកបររថយន្តជាអ្នកខុសនោះទេ ខុសត្រូវស្ថិតលើអង្គហេតុ លើអង្គច្បាប់ លើភស្តុតាង»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថាៈ យ៉ាងណាក៏ដោយលោកលើកទឹកចិត្តឱ្យមានការប្រើប្រាស់វិធានការបន្ធូបន្ថយផ្នែកលើច្បាប់ (មិនមែនរួចខ្លួនទេ) ប្រសិនអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មួយគាត់បង្ហាញភាពក្លាហានចូលដោះស្រាយចំពោះមុខច្បាប់ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍តាមច្បាប់អត់មានជាប់ទោសអស់មួយជីវិតទេ ប៉ុន្តែមិនរត់គេចមិនហានប្រឈមនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត អញ្ចឹងចូលខ្លួនមកដោះស្រាយតុលាការប្រើប្រាស់នូវវិធានការបន្ធូបន្ថយ ធានាបានទាំងសំណង ធានាបានទាំងយុត្តិធម៌ទៀត ប៉ុន្តែបើបុកស្លាប់ហើយរត់គេចខ្លួន គឺមាន ២បទល្មើស រឿងបុកមួយហើយកុំទាន់គិតថាខុសឬត្រូវទេ និងរឿងទី២ រត់គេចខ្លួននេះវិធានការត្រូវតែម៉ឺងម៉ាត់។

ទី៣- សំណុំរឿងអត្រានុកូលដ្ឋាន ឯកឧត្តមឧបនាយកដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថាៈ គិតមកដល់ម៉ោងនេះប្តឹងពាក់ព័ន្ធអត្រានុកូលដ្ឋានមានជាង ៦ ០០០រឿង ស្មើនឹង ២៣% នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល ដោយខុសឈ្មោះបន្តិច ខុសថ្ងៃខែបន្តិចតាមច្បាប់ត្រូវឡើងមកតុលាការ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់់ថាៈ «ស្នើសុំឱ្យចៅក្រមទូទាំងប្រទេស សាលាជំរះក្តីទូទាំងប្រទេសបង្កើតឬរៀបចំឱ្យមានចៅក្រមទទួលបន្ទុកលើការងារនេះ ហើយស្នើសុំការអនុវត្តនេះ មានតែ ២គត់ គឺ លឿនហើយនឹងត្រឹមត្រូវ»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងនៗថាៈ «ពាក់ព័ន្ធសំណុំរឿងអត្រានុកូលដ្ឋាននេះ បើមានរឿងមិនប្រក្រតីប្តឹងមកលេខាធិការដ្ឋានគ្រប់រឿងទាំងអស់់ ទុករឿងឱ្យយឺត ឬមានករណីទាមទាផលប្រយោជន៍ផ្សេងៗ»។ ជុំវិញរឿងនេះឯកឧត្តមឧបនាយកដ្ឋមន្ត្រី កើត រិទ្ធ អះអាងថាៈ «លោកនឹងធ្វើការងារជាមួយតុលាការលើបញ្ហាមួយនេះ ព្រោះរឿងនេះ ច្រើនណាស់រហូតជាង ២៣%  ហើយកំហុសក្នុងឯកសារអត្រានុកូលដ្ឋានមិនមែជាកំហុសរបស់ប្រជាជនទេ»។

សូមជម្រាបថា នារសៀល ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤  ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការ ចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីក្រសួងយុត្តិធម៌ ដោយមានអ្នកសារព័ត៌ចូលរួមប្រមាណ ៥០រូប។

សូមគូសបញ្ជាក់ថា៖ យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕