2024-02-22 07:02
71

ព្រះសីហនុ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់មានរថយន្ត ម៉ាក LEXUS GS300 ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ដែលបើកបរដោយជនជាតិចិនម្នាក់បង្កគ្រោះថ្នាក់ចរាចរប៉ះជាមួយរថយន្តមួយគ្រឿងទៀត និងបានចរចាដោះស្រាយមិនត្រូវរ៉ូធ្វើឱ្យជនជាតិខឹងបញ្ចេញកាយវិការច្រង៉េងច្រង៉ាង និងប្រើប្រាស់ពាក្យខ្លាំងដាក់សមត្ថកិច្ចនគរបាលចរាចរណ៍ រួចបានបើករថយន្តរត់គេចចេញកន្លែងកើតយ៉ាងលឿនទៅបាត់ហើយបានយកទៅប្លុងចោលក្នុងរបងសាលាខេត្តព្រះសីហនុចាស់ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញស្ទួចយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកអ្នកបើកបរដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
   តាមប្រភព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៥០នាទី លើផ្លូវមិត្តភាព ត្រង់ចំណុច ភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-4572 ប;កបរដោយឈ្មោះ FANG LAJIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ4916179 មានបណ្ណបើកបរខ្មែរលេខ B.00355078 បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលបើកសុខក៏ឈប់ដោយមិនបានផ្តល់សញ្ញា ក៏ត្រូវបានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0276 អ្នកបើកបរមានឈ្មោះ អ៊ន់ ប៉ូលីន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ បើកបររថយន្ត បច្ចុប្បន្នស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបើកបរក្នុងទិសដៅស្របគ្នាបានបុកពីខាងក្រោយពេញទំហឹង។

   ប្រភពបានបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តទាំង ០២គ្រឿង រងការខូចខាតស្រាល និងមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡើយ ហើយភាគីទាំងពីរឈប់នៅរចិញ្ចើមផ្លូវបាននិយាយចរចារគ្នា ដោយមិនមានការព្រមព្រៀង ស្រាប់តែអ្នកបើកបររថយន្ត ម៉ាក LEXUS GS300 ជាជនជាតិចិនធ្វើការវិការច្រង៉េងច្រង៉ាង ប្រើពាក្យសម្តីខ្លាំង និងចង្អុលមុខសមត្ថកិច្ចរួចឡើងបើររថយន្តគេចេញពីកន្លែងកើតហេតុបាត់ស្រម៉ោស ហើយសមត្ថកិច្ចបានធ្វើការប្រដេញតាមចាប់មិនទាន់រហូតរកស្រាវជ្រាវរកឃើញរថយន្តនេះយកមកចតទុកចោលនៅក្នុងរបងសាលាខេត្តចាស់ និងបានស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។

  បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង ០២គ្រឿង ត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំពុងបន្តស្វែករកអ្នកបើកបរមកដោះស្រាយតាមនីតិវិធីច្បាប់៕