2023-12-27 03:12
109

សៀមរាប៖ យ៉ាងហោចណាស់មនុស្ស ចំនួន ០៣នាក់ ត្រូវបានអគ្គិភ័យឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើងគូឱ្យតក់ស្លុតបំផុត ក្នុងនោះ មានស្ត្រីមានផ្ទៃពោះ២ខែម្នាក់ ផងដែរ ខណៈពេលកំពុងដេកលង់លក់ស្រាប់តែកើតមានគ្រោះអគ្គិភ័យឆាបឆេះដោយមិនដឹងមូលហេតុ។ 
   ករណីគ្រោះអគ្គិភ័យដ៏អាក្រក់ ខាងលើ បានកើតឡើងនៅវេលាម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆនាំ២០២៣ នេះ ស្ថិតក្នុងផ្សារក្រោម ក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ 
   សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យឆេះខូចខាតតូបលក់ដូរ ចំនួន ០៤តូប និង ផ្ទះចំនួន ០១ខ្នង ខូចខាតទាំងស្រុង និងឆក់យកអាយុជីវិតជនរងគ្រោះ ចំនួន ០៣ នាក់ ក្នុងនោះ មានស្ត្រីម្នាក់មានផ្ទៃពោះ២ខែ។ 
   ប្រភពបានបញ្ជាក់ថាៈ ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ។ ជនរងគ្រោះ ទី១- ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ។ ទី២- កូននៅក្នុងផ្ទៃ អាយុ ២ខែ។ ទី៣- ឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ ៤ឆ្នាំ កូនជនរងគ្រោះខាងលើ ។ 
   ក្រោយពេលកើតហេតុមានជួយអន្ដរាគមន៍ពីកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យ បានរលត់ទៅវិញ នៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ចំនួន ០៦ គ្រឿង រថយន្តស្នងការខេត្ត ចំនួន ០៣ គ្រឿង, រថយន្តអជ្ញាធរអប្សរា ចំនួន ០២ គ្រឿង, រថយន្តបុរីទេសចរណ៍ ចំនួន ០១ គ្រឿង។ 
  ពាក់ព័ន្ធករណីគ្រោះអគ្គីភ័យដ៏អាក្រក់នេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើងទេ ដោយក្រុមអ្នកជំនាញកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕