2023-06-15 03:06
189


ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចក៏មានបុរស២នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ នឹងអ្នកបើកម៉ូតូសណ្ដោងរុឺម៉ក នៅគ្រាកំពុងកំពុងធ្វើដំណើរច្រាសទិសគ្នា កាលពីយប់ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។


មន្ត្រីនគរបាលស្រុកក្រគរបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលឱ្យដឹងទៀតថា ជនរងរបួសធ្ងន់ជិះម៉ូតូម៉ាក  HONDA SCOOPY ពណ៏ស ពាក់ស្លាកលេខ កណ្ដាល 1AP-8286 ឈ្មោះ ខៀវ នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល  មានមុខរបរជាមន្ត្រីរដ្ឋបាលជលផល បានធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុបានបុកជាមួយអ្នកបើកម៉ូតូម៉ាក HONDA WAVE គ្មានស្លាកលេខ សណ្ដោងរុឺម៉កដែលកំពុងធ្វើដំណើរច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ផងដែរ ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា អ្នកបើកម៉ូតូសណ្ដោងឈ្មោះ គា គារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ.ឃុំកើតហេតុ បច្ចុប្បន្ន ជនរងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកវត្ថុតាងម៉ូតូនិងអ្នកបើកម៉ូតូសណ្ដោងរុឺម៉ក សមត្ថកិច្ចនគរបាលរក្សាទុកជាបណ្ណោះអាសន្នរង់ចាំបន្តនីតិវិធី ៕