2023-10-12 09:10
306

ប៉ោយប៉ែត៖ ពិតជារឿងគួរហួសចិត្ត និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជនអ្នកលេងបណ្តាញសង្គម បន្ទាប់បែកធ្លាយរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីសកម្មភាពមន្ត្រីស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែតចាប់យកនូវសម្ភារៈបន្តិចបន្តួចរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលទិញទឹកដីប្រទេសថៃ ដើម្បីទុកជូនឪពុកម្តាយប្រើប្រាស់នាឱកាសបុណ្យភ្ជុំបិណ្ឌដោយគ្មានការលើកលេងនោះឡើយ។ 

តាមរយៈការបង្ហោះចែកចាយលើបណ្តាញសង្គម បានឲ្យដឹងថា ក្រុមមន្ត្រីគយច្រកទ្វាអន្តរជាតិប៉ោយប៉ែត កំពុងធ្វើឲ្យប្រជាពលរដ្ឋបានប្រត្តិកម្ម និងក្តៅក្រហាយយ៉ាងខ្លាំងទៅលើអស់លោកគយច្រកទ្វារព្រំដែនប៉ោយប៉ែត ចាប់អីវ៉ាន់ដែលទិញជូនឪពុកម្ដាយនារដូវភ្ជុំបិណ្ឌ ដែលធ្វើមហាជនផ្ទុះរិះគន់កប់ៗមាត់។ 

យោងតាមការបង្ហោះចែកចាយ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋម្នាក់ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទិញឥវ៉ាន់រដូវភ្ជុំបិណ្ឌសម្រាប់ជូន លោកឪពុកអ្នកម្ដាយ មានពូកបត់ ចំនួន ០២ និងធ្នើដាក់ចានឆ្នាំង ចំនូន០២ ត្រូវបានមន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់យកទាំងអស់មិនព្រមដោះស្រាយនៅនឹងកន្លែងទេ។ 

ក្រោយពេលចាប់យកសម្ភារៈកាកល្អិតរបស់ពលរដ្ឋទិញសម្រាប់អំណោយជូនឪពុកម្តាយប្រើប្រាស់ប្រចាំថ្ងៃនោះ ពីសំណាក់ក្រុមមន្ត្រីគយយកទៅដាក់នៅផ្លូវហា ចំណុចផ្លូវជាតិលេខ៥ ដោយពលរដ្ឋលើកជាសំណួរទៅលោកគយដែលចាប់របស់ប្រើប្រាស់ផ្ទាល់ខ្លួន បើបង់ពន្ធអស់តម្លៃប៉ុន្មានដែរ? ប៉ុន្តែហេតុអ្វីមិនសម្រួលជូនពលរដ្ឋនៅនឹងកន្លែង? ដោះស្រាយនៅនឹងកន្លែងជូនប្រជាពលរដ្ឋ? ហេតុអ្វីបង្ករភាពស្មុគស្មាញ និងពេលវេលាទៅជួបថ្ងៃនេះទៅជួបអ្នកនោះបែបនេះ? 

ពាក់ព័ន្ធរឿងរ៉ាវខាងលើ អង្គភាពយើងមិនទាន់អាចទាក់ទងសុំការបងស្រាយពីមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វាប៉ោយប៉ែតបានទេ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នេះ៕