2023-09-23 04:09
204

(កំពង់ឆ្នាំង)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ និងបោះជំរំ Academy in Aerobic level 1 + Training Camp រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់គ្រូជំនាញតាមបណ្ដាក្លិបសមាជិក ឈានទៅរកការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីកាន់តែប្រសើរថែមទៀត ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានេះ គឺជាចំណុចមួយដ៏សំខាន់ ដើម្បីបញ្ជ្រាបនូវចំណេះដឹង ក៏ដូចជាបង្កើននូវសមត្ថភាពបច្ចេកទេសជូនដល់លោកគ្រូ-អ្នកគ្រូ តាមបណ្ដាក្លិបកីឡាកាយសម្ព័ន្ធ ពិសេសការបោះជំរំហ្វឹកហាត់ ដែលបណ្ដាក្លិបមួយចំនួន បានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមដែរ ។

លោកបន្ដថា «ការបោះជំរំនៅក្នុងស្រុក ក៏ជាចំណុចមួយ ទាញយកផលចំណេញ ដោយសារក្លិបមួយចំនួន គាត់មានគ្រូបច្ចេកទេសនៅមានកម្រិត ។ អ៊ីចឹងកាលណាគាត់មកហ្វឹកហាត់ក្នុងជំរំ ជាមួយការបណ្ដុះបណ្ដាលគ្រូបច្ចេកទេស ដែលសហព័ន្ធបានបញ្ជូនគ្រូជំនាញទៅបង្រៀន និងពន្យល់ពីគន្លឹះសំខាន់ៗនេះ នឹងធ្វើការអភិវឌ្ឍកីឡាកាយសម្ព័ន្ធកាន់តែប្រសើរឡើង ដោយផ្ដោតលើបច្ចេកទេសឲ្យមានជាលក្ខណៈមួយត្រឹមត្រូវ» ។

«ដូចខ្ញុំតែងលើកឡើងជារឿយៗថា គ្រូបង្វឹកគឺជាបន្ទាត់ បើកាលណាគ្រូបង្វឹក គាត់មិនយល់ច្បាស់អំពីការងារជំនាញ វានឹងនាំផលវិបាក និងផលប៉ះពាល់ដល់កីឡាករ-កីឡាការិនី ។ ហេតុនេះ បានជាសហព័ន្ធ តែងតែរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ទាំងអាទិស្ទិក ក៏ដូចជាគ្រូកម្រិត១ អាអេរ៉ូប៊ិក បូកទាំងការបោះជំរំហ្វឹកហាត់ ដើម្បីផលប្រយោជន៍ សំខាន់គឺធ្វើឲ្យកីឡាករ-កីឡាការិនីហ្វឹកហាត់ពីក្រោមឲ្យមានលក្ខណៈបច្ចេកទេសច្បាស់លាស់» ។ លោក ណយ ផាណា បន្ថែម ។

អគ្គលេខាធិការដដែលបន្ថែមថា «នេះគឺជាផលចំណេញមួយធំ សម្រាប់ការបោះជំរំហ្វឹកហាត់រួមគ្នា ដោយសារយើងមានការផ្លាស់ប្ដូរបទពិសោធន៍គ្នា រវាងគ្រូពីភ្នំពេញ ទៅបង្ហាត់បង្រៀនជាមួយគ្រូមកពីបណ្ដាក្លិប ដោយសារគ្រូតាមក្លិបមួយចំនួន គាត់មិនទាន់មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ។ អ៊ីចឹងគ្រូដែលសហព័ន្ធបញ្ជូនទៅ សុទ្ធតែជាគ្រូមានបទពិសោធន៍ និងមានសញ្ញាបត្រត្រឹមត្រូវពីអន្ដរជាតិ ។ យើងចែករំលែកបទពិសោធន៍ទាំងអស់គ្នា ដើម្បីធ្វើឲ្យគ្រូតាមបណ្ដាក្លិបទទួលបាននូវជំនាញពិតប្រាកដ» ៕