2024-03-04 02:03
55

នៅក្នុងឱកាស ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវកៅស៊ូ DBFT ពីរជាន់ឆ្លងកាត់ឃុំរុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ជាមួយគ្នានេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវរុះរើសំណង់អនាធិបតេយ្យផ្សេងៗជាបន្ទាន់ ជាពិសេសអគ្គិសនីព្រះដំរីត្រូវរុសរើបង្គោលភ្លើងឲ្យបានទាន់ពេលវេលាជៀសវាងការប៉ះពាល់ នៅពេលដែលការសាងសង់ផ្លូវបានទៅដល់។

ទន្ទឹមនិងនោះដែរលោកអភិបាលស្រុកក៏បានណែនាំដល់រដ្ឋបាលឃុំក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា  ក្នុងការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យផ្សេងៗរួមមាន ដូចជាការសាងសង់តូបលក់ដូរ ការចាក់ដីខ្ពស់លិចផ្លូវការដាំដើមឈើផ្សេងៗនិងរបងផ្ទះជាដើម ដែលជាដែលជាហេតុនាំឲ្យឆាប់ខូចខាតផ្លូវ កកស្ទះលូដែលអាចបង្កឲ្យមានទឹកជន់លិចផ្លូវជាដើម ។

គួរបញ្ជាក់ដែរថាប្រជាពលរដ្ឋទូទាំងស្រុកស្ទោងបានសម្តែងនូវការសាទរយ៉ាងខ្លាំង                   ជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់ពិបាកក្នុងការធ្វើដំណើរ ពោលគឺនៅរដូវវស្សាមានទឹកលិចបែកភក់ ខណៈ នៅរដូវប្រាំងមានដីហុយទ្រលោមផងដែរ ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុកស្ទោង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ដែលបានកសាងផ្លូវកៅស៊ូ២ជាន់ ជាចំណងដៃជូនប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើឡើងថែមទៀត។