2023-10-27 01:10
356

ខេត្តបន្ទាយមានជ័យ៖ ឥទ្ធិពលនៃសារធាតុញៀនធ្វើឱ្យបុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួនយកមកសួរនាំកាលពីវេលាម៉ោង៥:៤១នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ក្រោយពីបានប្រើអំពើហិង្សានិងយកកាំបិតអារ.កកូនប្រុសបង្កើតរបស់ខ្លួន នៅចំណុចមាត់ស្ទឹងក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
 
  សូមបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ និងចាប់យកបាន កាំបិតបុ័ងតោ១ដើមរួមជាមួយកូនប្រុសម្នាក់អាយុ៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ស្នាក់នៅតាមទីសាធារណៈ) ក្រោយពីធ្វើតេស្តទឹកនោមមានលទ្ធផលសារធាតុញៀន(+)។ 

  សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនឃាត់ខ្លួន ជនសង្ស័យមានសភាពស្រវឹង បានធ្វើសកម្មភាពវាយដំនិងប្រើហិង្សាលើកូនប្រុសរបស់ខ្លួន ហើយបានយកកាំបិតប័ុងតោមកគំរាម សម្លុត អារ.ក( តែមិនទាន់បានធ្វើទេ)។

  បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរបាលឃាត់ទុកបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួលយក។ ចំណែកជនសង្ស័យជាឪពុក ក្រោយសួរនាំត្រូវបានបញ្ជូនទៅមណ្ឌលផ្តាច់សារធាតុញៀន៕