2023-09-23 12:09
154

ភ្នំពេញ ៖  កាលពីវេលាម៉ោង១០ និង២០ នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវភ្លោះ មុខធនាគារABA នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ១០៩ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្សុី រួចបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តហ្វតរ៉ាប់ទ័រ បេីកបុកពីចំហៀងពេញទំហឹង និងអូសម៉ូតូក្រោមរថយន្តជាច្រេីនម៉ែត្រ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុនោះ គេឃេីញបុរសម្នាក់បានជិះម៉ូតូម៉ាក ស៊ុយស៊ុគី ស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HJ-5615 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដៃបំណងទៅផ្លូវ១០៩ តែបត់បានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក ហ្វត រ៉ាប់ទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BM-7188ធ្វើដំណើរតាមបណ្ដោយផ្លូវពីលិចមកកើតយ៉ាងលឿន រួចបុកម៉ូតូស្មាក់វី ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូដួលលើថ្នល់រងរបួសធ្ងន់ រីឯម៉ូតូនៅក្រោមរថយន្តបង្កអូសជាច្រើនម៉ែត្រទើបឈប់ រួចតៃកុងរថយន្តចុះគេចខ្លួនបាត់ ។ 

បន្ទាប់ពីកើតហេតុភ្លាមៗ បុរសម្នាក់ជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះអាយុជីវិត ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕