2023-12-16 03:12
102

ត្បូងឃ្មុំ៖ ស្តេចត្រីរាជញីមួយក្បាល ត្រូវបានប្រជានេសាទ ចាប់បានកាលពីម្សិលមិញនេះ ត្រូវបានខណ្ឌជល់ផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រៀបចំពិធីព្រលេងចូលក្នុងទឹកទមន្លេមេគង្គវិញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយប្រសិទ្ធនាមឈ្មោះថា «នារីរ័ត្នត្បូងឃ្មុំ» «នារីរ័ត្នត្បូងឃ្មុំ» ជាប្រភេទត្រីរាជញីដ៏ធំមួយក្បាល ដែលមានទម្ងន់ ១៦៣គីឡូក្រាម ត្រូវបានប្រជានេសាទ ចាប់បាននៅថ្ងៃទី១៥ ខែធ្នូម្សិលមិញនេះ ស្ថិតក្បែរស្ពានគីសូរណា ខេត្តត្បូងឃ្មុំ។ ក្នុងការលេងត្រីរាជយក្សមេមួយក្បាលខាងលើ មានការចូលរួមពីលោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ និងបានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាព នៃទន្លេមេគង្គ (Wonder of the Mekong)។ ត្រីរាជញីមួយក្បាល ត្រូវបានប្រសិទ្ធនាមឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» មានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ «នារីរ័ត្នត្បូងឃ្មុំ» ត្រូវបានក្រុមការងារបំពាក់ស្លាក ដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រីផងដែរ។ ក្រុមការងារជលផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ស៊េន យ៉ាក់កូប និងប្រជាពលរដ្ឋ ភូមិព្រែកតូច ដែលបានរាយការណ៍ជូន រដ្ឋបាលជលផល និងបានចូលរួមលែងអភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ៕