2023-10-23 01:10
381

ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានណែនាំនិងបទបញ្ជាឱ្យកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ។ 

ក្នុងប្រតិបត្តិការនោះ សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក កម្លាំងជំនាញ បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន។ 

ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏បានណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ ជាពិសេសនៅពេលលោកអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងបើកបររថយន្ត ត្រូវពាក់ខ្សែក្រវាត់ ហើយមិនត្រូវពិសារគ្រឿងស្រវឹងពេលអ្នកកំពុងបើកបរ៕