2023-09-26 04:09
278

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តព្រៃវែង បានដាក់សំណើរមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំគោលការាណ៍ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀន ដល់មន្ត្រីនគរបាលដែលមានក្របខ័ណ្ឌពេញសិទ្ធិ ក្នុងខេត្តព្រៃវែង ទាំងមូលជាប្រចាំ ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីរូបណាគេចវេសមិនចូលរួមពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់ ត្រូវតែអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ) ។ 

យោងតាមលិខិតផ្ញើជួននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាក្នុងរយៈពេលប្រាំខែកន្លងមកនេះ កម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំបាន ចំនួន ១០៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបាន ចំនួន ១៨៧៥១,៩៩ក្រាម ។ 

លោកស្នងការខេត្តព្រៃវែង បានបញ្ជាក់ថា សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ ។ 

ទន្ទឹមទទួលបានលទ្ធផលដូចបានគោរពរាយការណ៍ខាងលើ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពី សំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ។ ដូចនេះដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង គោរពស្នើសុំគោលការណ៍នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អនុវត្តដូចតទៅ៖ 

១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលដែលមានក្របខ័ណ្ឌពេញសិទ្ធិ ក្នុងខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។ 

២. ករណីមន្ត្រីគេចវេសមិនចូលរួមពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ ស្នងការដ្ឋាន
នរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ)។ 

៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ) បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ 

៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ គោរពសុំការអនុញ្ញាតផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ 

ពាក់ព័ន្ធវិធានការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តធ្វើបែបនេះ គ្រប់បណ្តារាជធានី ខេត្តរឹតតែល្អ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវរបសកងកម្លាំងនគរបាលជាតិ៕