2023-10-09 11:10
217

ខេត្តបាត់ដំបង ៖     កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីព្រឹក ក្នុងបរិវេណវត្តពោធិ៍រាម នៅចំណុចក្រុមទី ១៨ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុក មោងឫស្សី ខេត្តបាត់ដំបង មានអំពើហិង្សាប្រព្រឹត្តដោយ សហព័ន្ធ ឬអនីតិសង្វាសជន មួយបានកើតឡើងបង្កដោយបុរសជាប្ដីឈ្មោះ ង៉ាន់ ផៃ អាយុ៤៣ឆ្នាំ រស់នៅភូមិកន្សៃយបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ប្រដាប់ដោយប៉ែល(ដងឈើ ផ្លែដែក) បានធ្វើសកម្មភាពវាយទៅ លើប្រពន្ធ ឈ្មោះ អែង មេង អាយុ ៣៥ឆ្នាំ (រស់នៅជាមួយគ្នា) ចំ ក្បាលពីលើបណ្តាលឱ្យរងរបួសមធ្យម។ រីឯមូលហេតុគឺដោយសារបុរសជាប្ដី ខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកស៊ីស្រវឹងរាល់ថ្ងៃ។ 

ពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនិងព្យាបាលនៅមន្ទីរពេទ្យ ហើយព័ត៌មាននេះត្រូវបានដឹងដល់សមត្ថកិច្ចនគរបាល និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែន ការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនននិងការងារយេនឌ័រ,លោកវរសេនីឯក ស គឹមឡុងអធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងបានចុះស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ាន ផៃ ភេទប្រុស អាយុ៤៣ឆ្នាំ  រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ។

ពេលនេះនគរបាលស្រុករៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕