2024-01-03 04:01
80

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តាមរយៈដំណើរវិវឌ្ឍន៍ជាបណ្តើរៗឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថា នៅឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព សំរាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅណូវែលហ្សេឡង់ អូស្ត្រាលីនិងបារាំង។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីដំណើរវិវិវឌ្ឍន៍នៃស្ថាបត្យកម្មខ្មែរតាមដំណាក់កាលនីមួយៗនៃដំណើវិវឌ្ឍន៍របស់ប្រទេសជាតិដែលបានឆ្លងកាត់ជាច្រើនសម័យកាល និងបានបញ្ជាក់ថាបច្ចុប្បន្ននេះគឺជាការបើកទំព័រថ្មី១ នៃស្ថាបត្យកម្មខ្មែរ ជាលើកទី១ដែលកូនខ្មែរបានចូលរួមកសាងស្នាដៃស្ថាបត្យកម្មនៅអគារធំៗរបស់រដ្ឋ ដូចជាអគារទីស្តីការក្រសួងរៀបចំដែនដី និងអគារក្រសួងមហាផ្ទៃជាដើម ដែលទាំងនេះចាត់ទុកថាជាមោទនភាពមួយរបស់កូនខ្មែរ បើទោះបីជានៅមានការខ្វះចន្លោះយ៉ាងណាក្តី។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសភាពការណ៍នយោបាយ និងដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បានស្វែងយល់អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈានឆ្ពោះទៅមុខ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀតតាមសក្តានុពល និងជំនាញរៀងៗខ្លួន។

សូមជម្រាបថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅអូស្ត្រាលី ណូវែលហ្សេឡង់ និងបារាំង នាខែមករា ឆ្នាំ២០២៤ នេះ ដោយសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រវិស្វកម្ម នីតិសាស្ត្រ វិទ្យាសាស្រ្តនយោបាយ អប់រំ ការរចនាទីក្រុង វិជ្ជាជីវៈឆ្មប សេដ្ឋកិច្ច សុខភាពសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គោលនយោបាយសាធារណៈ និងបច្ចេកវិទ្យាជីវសាស្រ្ត រួមនឹងមុខវិជ្ជាសំខាន់ៗជាច្រើនទៀត៕