2024-01-12 02:01
84

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ ជាមន្ត្រីបម្រើការងារជាប្រធានការិយាល័យលេខា ក្រុមប្រឹក្សាស្រុកកៀនស្វាយ ដែលសង្ស័យជាអ្នកបើកបររថយន្ត ម៉ាក Lexus 350 ពណ៌ស ពាក់ស្លាកលេខ នគរបាលល 2-0393 ជួបគ្រោះថ្នាក់ចរចរណ៍បណ្តាលឱ្យអធិការរង និងនាយរងប៉ុស្តិ៍ស្លាប់ភ្លាមៗនឹងនៅកន្លែងនោះ នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្របតាមការអំពាវនាវរបស់អង្គភាពអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ 

 អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា «ចំពោះបុរសរូបនេះ ដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ»

 សូមបញ្ជាក់ថា កាលវេលាម៉ោង ២១និង៤០នាទី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុច បុរី ហាយធិចចំប៉ាក្បាលកោះ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ាក Lexus 350 ពណ៌ស ពាក់ស្លាកលេខ ណករបាល 2-0393 និងរថយន្ត ម៉ាក Toyota Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 ដែលបណ្តាលឱ្យរថយន្តទាំង ២គ្រឿង រងការខូចខាតធ្ងន។ 

 ក្នុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ដ៏អាក្រក់ខាងលើ ភាគីរថយន្ត ម៉ាក Lexus មានអ្នកជិះក្នុងរថយន្ត ចំនួន ០៥នាក់ មានប្រុស ០៣នាក់ មិងស្រី ០២នាក់ បណ្តាលឱ្យស្លាប់ ០២នាក់ ប្រុស។ ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាល ចំនួន ១នាក់ប្រុស អ្នកដែលរបួសស្រាលប្រុសនេះសង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។

 នគរបាលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អ្នកបើករថយន្ត ម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្ត ម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី និងកំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ។

 សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ហេង  ស៊ីថារ៉ូ ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និង ទី២ - ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុជាង ២០ឆ្នាំ មានតួនាទីជានាយរងនគរបាលប៉ុស្ថិ៍រដ្ឋបាលដីឥដ្ឋ ដែលជិះក្នុងរថយន្ត LEXUS 350

 សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការសាកសួរបុរសឈ្មោះ ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខា ក្រុមប្រឹក្សាស្រុកកៀនស្វាយ ដែលសមត្ថកិច្ចសង្ស័យជាអ្នកបើកបររថយន្ត ម៉ាក Lexus 350 ពាក់ស្លាកលេខនគរបាលនោះនូវមិនទាន់ដឹងនៅឡើយទេ៕