2023-10-24 10:10
325

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើផ្លូវវេងស្រេង ជាប់ផែស្ងួតឧកញ៉ាសូ ងួន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបានឱ្យដឹងថា សពប្តី មានឈ្មោះ ឈឿន ស៊ាង អាយុជាង៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះម្តុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកសពប្រពន្ធ មានឈ្មោះ អ៊ីហ្សាន់  អាយុជាង៤០ឆ្នាំរស់នៅជាមួយប្តីនៅម្តុំផ្សារជម្ពូវ័ន។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធរងគ្រោះពីរនាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GE-7880 ដោយបើកតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ក្នុងគោលបំណងទៅយកសាច់ជ្រូកពីលូប្រាំមកលក់នៅផ្សារជម្ពូវ័នខណៈបើកមកដល់ពាក់កណ្តាលផ្លូវក្បែរផែស្ងួតសូ ងួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយូ៉តាព្រូស ពណ៌ក្រហមមិនចាំផ្លាកលេខ បើកមកពីក្រោយស្របទិសគ្នាពីលិចទៅកើតយ៉ាងលឿន មកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងពេញទំហឹងផ្លោងទៅបោកផ្ទប់នឹងបង្គោលស្លាកសញ្ញាបាក់អស់មួយដើមបណ្តាលឱ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង ចំណែកប្តីប្រពន្ធទាំងពីរនាក់ខ្ទាតចេញពីគ្នាបោកនឹងផ្លូវស្លាប់ ហើយភ្លាមៗនោះរថយន្តបង្កបានបើកបត់ត្រឡប់ក្រោយសំដៅទៅផ្លូវជាតិលេខ៤វិញ គេចខ្លួនបាត់ស្រមោលទៅ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយកម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕