2023-04-19 09:04
384

ភ្នំពេញ៖ អតីតទាហានផ្កាយ២ មួយរូប គឺលោក សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសពាក់ព័ន្ធប្រើអំពើបង្ខាំង និងហិង្សាលើស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ 

តាមការសម្រេចរបស់ចៅក្រម អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ត្រូវជាប់ពន្ធនាគារ ចំនួន៨ខែ និងសងជំងឺចិត្ត ចំនួន២០លានរៀល ខណៈបក្ខពួកម្នាក់ទៀត មានឈ្មោះ សូ បិនឡា ក៏ត្រូវបានឲ្យសងជំងឺចិត្ត ចំនួន២០លានរៀលផងដែរ។

ជនជាប់ចោទទាំង២នាក់ រួមមាន៖ ទី១- ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បរិហារបង្កាច់កេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីនេះ ជនរងគ្រោះមានឈ្មោះ ឌួង ហេម៉ាលីស។

សូមរំឭកថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ ក៏បានប្រកាសផ្តន្ទាទោសលើសំណុំរឿងចំពោះជនជាប់ចោទ ចំនួន០២នាក់ ម្នាក់គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិមានឈ្មោះ សូយ ចាន់សឿន និងគូកនម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង០២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បរិហារបង្កាច់កេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ៕