2023-09-25 09:09
215

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញកុមារី អាយុ ០៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឆ្លើយតបបន្ទាន់មន្ត្រីគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ 

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា «កុមារីម្នាក់បានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានហ្ស៉ីកា»។ 

តាមការឲ្យដឹងពីមន្ត្រីជំនាញបានបន្ថែមថា ជំងឺហ្ស៊ីកា (Zika Virus) ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ ចំពោះមនុស្សភាគច្រើន ដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតា រួមមាន កន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល ២-៧ ថ្ងៃ។ 

មន្ត្រីសុខាភិបាល បានឲ្យដឹងថា កុមារីដែលរកឃើញមានរោគសញ្ញា «វិជ្ជមានហ្ស៉ីកា» នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ នៃមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ដោយរោគសញ្ញាដំបូង ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាលកុមារីបានធូរស្បើយ លែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ លុះដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគ ផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ «វិជ្ជមានហ្ស៉ីកា»។ 

តាមបញ្ជាក់បន្ថែមរបស់មន្ត្រីជំនាញ «ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូនជាដើម»។ ក្រោយរកឃើញករណីខាងលើនេះ មន្រ្តីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ 

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា «ដើម្បីបង្ការកុំឆ្លងមេរោគហ្ស៊ីកា ឱ្យកុំឱ្យមូសខ្លាខាំ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីកដែរ ជាពិសេសកុមារតូច និងស្រ្តីមានផ្ទៃពោះ និងធ្វើអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមអញ្ជើញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ»។ 

ក្រសួងសុខាភិបាល បានណែនាំបន្ថែមថា «ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ  និងនៅពេលសម្រាលផងដែរ»។ 

ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា «ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមានការពារខ្លួនកុំមូសខ្លាខាំ ស្ត្រី ដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់រឹតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត»៕