2023-12-21 04:12
135

ភ្នំពេញ៖ កុមារាម្នាក់ដើរបេះត្រកួនបានបាត់ខ្លួនអស់រយៈពេល២យប់២ថ្ងៃស្រាប់តែប្រទះឃើញផុសអណ្តែតឡើងក្នុងទឹកបឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅបឹងមួយកន្លែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ក្មេងរងគ្រោះឈ្មោះហុង លីហេង ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាក់ ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 
តាមសម្តីឪពុកបានរៀបរាប់ថា កន្លងមកកូនប្រុសរបស់គាត់តែងតែដើរជាមួយសត្វឆ្កែមួយក្បាលចូលទៅក្នុងបឹងបេះត្រកួន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បាននាំសត្វឆ្កែដើរចូលទៅក្នុងរបងដែលខាងក្នុងមានបឹងត្រកួន ទៀត រហូតមកដល់វេលាម៉ោង៦ល្ងាច ឃើញតែសត្វឆ្កែមកផ្ទះវិញដោយមិនឃើញកូនរបស់គាត់នោះទេ ។ 

ប្រភពដដែលបានបន្តថា លុះគាត់ចូលទៅរកឃើញតែស្បែកជើងមួយគូនៅមាត់បឹង ទើបនាំគ្នាចុះរាវរកតែមិនឃើញក៏រាយការណ៍ទៅអាជ្ញាធរនិងកម្លាំងឆត្រយោង៩១១ មុជទឹករកអស់រយះពេល១ថ្ងៃតែមិនឃើញ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែលទើបសពផុសអណ្តែតឡើង។ 
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕