2023-04-22 10:04
512

កំពត៖ ករណីប្រជាពលរដ្ឋ រាប់ពាន់គ្រួសារដែលរងគ្រោះតាមការអូសទាញដាក់លុយវិនិយោគលើគម្រោងអភិវឌ្ឍន៍ដីឡូត៍ និងលំនៅដ្ឋានរបស់ក្រុមហ៊ុន ជា សារ៉ន គ្រុម របស់ឧកញ៉ា ជា សារ៉ន ដោយសន្យាទទួលបានផលចំណេញខ្ពស់ ត្រូវបានអភិបាលខេត្តកំពត លើកយកមកជជែក និងដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការស្របតាមគោលនយោបាយ "ឈ្នះ-ឈ្នះ" របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពជោគជ័យ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរក្រុងស្រុកទាំង៩ ទូទាំងខេត្តបានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុន អភិវឌ្ឍន៍ដីឡូត៍ ឧកញ៉ា ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានបញ្ហា ដោយសារក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា។

បញ្ហានេះ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះជាមូយការវិនិយោគខ្យល់ ឬភ្នាក់ងារលក់ និងអ្នកទិញអចលនទ្រព្យជាពិសេសអ្នកទៅខ្ចីលុយធនាគារមកដាក់ឱ្យក្រុមហ៊ុនដើម្បីបានចំណេញការប្រាក់ខ្ពស់ ប៉ុន្តែបែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារនោះដោះស្រាយមិនរួចនោះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារថា ពួគគាត់ជួបវិបត្តិនៅក្នុងជីវភាពរស់នៅដោយសារចាញ់កលល្បិចរកស៊ីរបស់លោកឧកញ៉ា ជា សារ៉ន ជាម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍ដីឡូតិ៍ បណ្តាលឲ្យធ្លាក់ខ្លួនជំពាក់បំណុលធនាគារ និងអ្នកមាននោះ  ត្រូវបានឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានចុះទៅដោះស្រាយរួចរាល់អស់ហើយ ដោយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវរាល់បំណុលទាំងអស់ ។

ឯកឧត្តមអភិបាលខេត្តកំពត បានធ្វើការសម្របសម្រួលដោះស្រាយករណីវិវាតរវាងក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន និងប្រជពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងបរិវេណវត្តអង្គឈូក  ឃុំឈូក ស្រុកឈូកខេត្តកំពត បានជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បានឯកភាពយល់ព្រមទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋបានទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុនហើយប្លង់ដីផ្សេងៗដែលប្រជាពលរដ្ឋបានយកទៅដាក់ខ្ចីលុយនៅធនាគារនោះ  លោក ជា សារ៉ន ត្រូវទទួលខុសត្រូវយកមកឲ្យប្រជាពលរដ្ឋវិញទាំងអស់។

ករណីខាងលើនេះ សូមចូលរួមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្តជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប នាព្រឹកមិញនេះ រួមមាន៖

ទី១- ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។

ទី២- អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។

ទី៣- អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។

ទី៤- ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។

ទី៥- ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ។

ប្រជាពលរដ្ឋ រស់នៅស្រុកឈូក និងស្រុកដងទង់ បានប្រាប់ឲ្យដឹងថា ពួកគាត់ល្ងង់បានជឿងលើក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ទើបបាននាំគ្នាទៅខ្ចីបុលលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ ១ម៉ឺនដុល្លា ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ  ហើយក្រុមហ៊ុនធានាបង់សង់ធនាគារទាំងអស់ ប៉ុន្តែក្នុងរយៈពេលពីបីខែចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូលោកឧកញ៉ា ជា សារ៉ន អត់ធ្វើតាមកិច្ចសន្យានោះទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រៀងរាល់ខែនាពេលកន្លងមក ។

ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន នោះទេក្រោយពេលឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានចុះមកដោះស្រាយឲ្យពួកគាត់ ព្រោះបំណុលក៏មិនបាច់បង់  ប្លង់ផ្ទះ ប្លង់ដី ក៏បានមកវិញ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា "ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ មានបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ប្រមាណ២ ៤៦១ គ្រួសារ សរុបទឹកប្រាក់ជិត ៤0លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ"។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ស្នងការនគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនភ្នាក់ងារជាប្រធានផ្នែកទីផ្សារលក់ ទិញអចលនទ្រព្យមួយចំនួនដែរ ដើម្បីសាកសួរ។

សូមបញ្ជាក់ថា ទាំងមន្ត្រីជំនាញ  និងម្ចាស់ក្រុមហ៊ុន ឧកញ៉ា ជាសារ៉ន គ្រុប នៅមិនទាន់អាចប្រាប់ដឹងចំនួនតួរលេខពិតប្រាកដនៅឡើយមានប្រពលរដ្ឋសរុបប៉ុន្មានគ្រួសារ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ឧកញ៉ា ជា សារ៉ន គ្រុប មានបញ្ហាជាមួយនោះទេ។ បើតាមការសន្និដ្ឋានជំហ៊ានដំបូងប្រមាណជាង ៥ពាន់គ្រួសារហើយគេក៏មិនទាន់បានដឹងអំពីចំនួនទឹកប្រាក់ សរុបប៉ុន្មាននោះនៅឡើយដែរ៕