2024-01-31 12:01
52

ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរីម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្អប្រើប្រាស់អាវុធបរបាញ់សត្វដោយខុសច្បាប់ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី កង សុផាណារ័ត្ន មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយរូបភាពប្រព្រឹត្តបទល្មើសបរបាញ់សត្វដោយប្រើប្រាស់អាវុធខុសច្បាប់ ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្តាញសារព័ត៌មានថា៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ «អ.ហ» ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ «អ.ហ» ផងដែរ ។ 

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា៖ «បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ» ។ 

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា អនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ៕