2023-07-12 06:07
175


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០១ ក្នុងចំណោមគណបក្សទាំង១៨ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកានិងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញតាមតម្រាយផ្លូវដូចខាងក្រោម៖


គណបក្សយុវជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅផ្លូវលំទល់មុខវិទ្យាល័យកំបូល ស្ថិតនៅក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ដោយមានអ្នកចូលរួមចំនួន១០០នាក់។ បន្ទាប់មកនៅវេលាម៉ោង១៤:០០នាទី ក្បួននឹងហែចេញពីទីតាំងមុខវិទ្យាល័យកំបូល រួចបត់ស្តាំចូលផ្លូវជាតិលេខ៤ បន្តដំណើរតាមផ្លូវជាតិលេខ៤រហូតដល់ផ្លូវលំភូមិគល់ បត់ស្តាំឆ្ពោះទៅសាលាខណ្ឌកំបូល។  បន្ទាប់មកបត់ឆ្វេងតាមផ្លូវបេតុង រួចបត់ស្តាំចូលផ្លូវជាតិលេខ៤២ បន្តត្រង់ឆ្ពោះទៅដល់ផ្លូវលំ ភូមិបឹងធំបត់ស្តាំត្រង់ឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ រួចបន្តដំណើរបត់ស្ដាំចូលផ្លូវជាតិលេខ៤ ឆ្ពោះទៅទីតាំងមុខវិទ្យាល័យកំបូលវិញ ដើម្បីរំសាយ។  ក្នុងយុទ្ធនាការឃោសនានេះអាចមានចរាចរណ៍មមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម។ ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង១៣:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់ ៕