2023-10-27 09:10
405

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់អ្នកស្រី ផុន សូនី ដែលបានសម្រាលកូនតាមដងផ្លូវដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងរាជធានីភ្នំពេញ កាលនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសសួរសុខទុក្ខនោះ លោក ឯម ច័ន្ទមករា បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងលោកស្រី ជា ផល្គុន ដែលឯកឧត្តមបានមានប្រសាសន៍ថា ជានិច្ចកាលថ្នាក់ដឹកនាំប្រទេសក៏ដូចជាថ្នាក់ដឹកនាំក្រសួងតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងតែងតែអនុវត្តន៍នូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានប្រសាសន៍ថា «មិនឱ្យមាននរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ»។

ក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា៖ «ទីណាមានទុក្ខលំបាកទីនោះមានមន្ត្រីរដ្ឋាភិបាល ជាពិសេសមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតបងប្អូនជាប់ជានិច្ច»។
លោក បានជូនពរដល់អ្នកស្រី ផុន សូនី ទាំងកូននិងម្ដាយមានសុខភាពល្អនិងថែរក្សាខ្លួនផងដែរ។

គួរឱ្យដឹងផងដែរថា អ្នកស្រី ផុន សូនី បានឈឺពោះឆ្លងទន្លេក្នុងពេលដែលអ្នកស្រីដើរតាមផ្លូវ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីមានការរាយការណ៍ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុម្មុខបានមកជួយសង្គ្រោះសម្រាលកូននៅហ្នឹងកន្លែងមុននឹងបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។


ដោយមានការយកចិត្តទុកដាក់ពីមន្ត្រីមន្ទីរសង្គមកិច្ច និងមន្ទីរផែនការរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរបានជួយសម្របសម្រួលចេញបណ្ណសមធម៌ដើម្បីជួយដល់អ្នកស្រីក្នុងការប្រើប្រាស់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងស្ថាប័នផ្ដល់សេវា ឬជំនួយផ្សេងៗបានដោយឥតគិតថ្លៃផងដែរ៕