2023-10-05 04:10
253

ខេត្តស្វាយរៀង៖ លោក ស៊ូ   ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព» នៅសាលាបឋមសិក្សាទួលតាធន់ ស្ថិតក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ។

លោក  ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ទិវាគ្រូបង្រៀនប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស ក៏ដូចជា សាលាបឋមសិក្សាទួលតាធន់ ស្ថិតក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។
លោកបានបន្ថែមថាទិវាគ្រូបង្រៀននៅកម្ពុជា ត្រូវបានបង្កើតក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧ ដោយឆ្នាំនេះជាខួបលើកទី២៦។

ទិវាគ្រូបង្រៀន៥តុលា ប្រព្រឹត្តិធ្វើឡើងក្នុងគោលបំណង ដើម្បី បំផុស នូវ វប្បធម៌ និងប្រពៃណីនៃការ រំឭកគុណូបការៈ ដ៏ថ្លៃថ្លា ជូនចំពោះគ្រូបង្រៀន នៅ គ្រប់ ភូមិសិក្សា ទូទាំងប្រទេស ដែលពួកគាត់បាននិង កំពុង បំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹងនិងជូនចំពោះគ្រូបង្រៀន ដែលបានចូល និវត្តន៍ ឬ បានបាត់បង់ជីវិត ទៅ ហើយក្ដី។

សូមបញ្ជាក់ថា ក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព» នៅសាលាបឋមសិក្សាទួលតាធន់ឃុំអណ្ដូងពោធ៏ ស្រុករមាសហែក ក៏មានការចូលរួមពីសំណាក់ លោកមេឃុំអណ្ដូងពោធិ៍ លោកស្រីជំទប់ទី១ លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសប្បុរសជន លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៏ សិស្សានុសិស្ស ប្រមាណជាង១០០នាក់ផងដែរ៕