2023-08-16 11:08
363


កំពត៖ ដីបឹងរបស់រដ្ឋជាង ១០០ហិកតា នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានអាជ្ញាធរថ្នាក់ក្រោម នាំគ្នាឃុបឃិតគ្នាលក់ឲ្យក្រុមហ៊ុនឯកជនតាំងពីអំឡុងឆ្នាំ២០០៧ ប៉ុន្តែទើបបែកធ្លាយរឿងរ៉ាវនេះ ដល់ថ្នាក់ខេត្ត ពេលលោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចុះដាំដើមត្នោតតាមផ្លូវក្រវ៉ាត់ព្រំដែន ខណៈប្រទះឃើញមានបង្គោលឡូត៍បោះព្រោងព្រាតក្នុងផ្ទៃបឹង ទើបអាជ្ញាធរខេត្តភ្ញាក់ខ្លួនព្រើត និងមានផែនការគ្រោងនឹងដកហូតយកជាសម្បត្តិរដ្ឋវិញ។
    តាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ដីបឹងធម្មជាតិរបស់រដ្ឋចាប់ពីទំនប់ភ្នំគងលាន់លាតសន្ធឹងទៅភ្នំទឹកធំដល់ព្រំដែនប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានឈ្មួញឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមលួចលក់នៅក្នុងឆ្នាំ២០០៧និងឆ្នាំ២០០៨។ ប្រភពបានបន្ថែមទៀតថា ក្រោយពីការលក់បឹងទៅឲ្យក្រុមហ៊ុនឯកជនខាងក្រុមហ៊ុនបានជីកកាយប្រឡាយព្រំដីហ៊ុពទ្ធ័យកភ្នំតូចៗ និងភ្នំទឹកធំ រួចធ្វើចាក់ដីបន្ថែមពីលើផ្លូវដែលមានពីមុនរបស់វត្តគោគកំបោរ នៅជាប់ព្រំដែនកម្ពុជា-វៀតណាមតែម្តង។
   លោក កៅ ទុន អាយុ ៧៤ឆ្នាំ ជាមេភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត បានប្រាប់ឲ្យដឹងថា «ដីបឹងធម្មជាតិអន្លង់ថ្ងាន់នេះលានសន្ធឹងពីជើងទៅត្បូងទៅដល់ភ្នំទឹកមានចម្ងាយប្រមាណ ៤ ០០០ម៉ែត្រ»។ លោកមេភូមិបានបញ្ជាក់ថា «អាជ្ញាធរបានលក់ដីក្នុងបឹង ១០០ហិចតាទេ ក្នុងឆ្នាំ២០០៧ និង២០០៨ ដីក្រៅពីនោះជាដីរបស់ប្រជាពលរដ្ឋក៏បានលក់ទៅក្រុមហ៊ុនដែរ។
   ប្រភពមួយបានឲ្យដឹងទៀតថា «បញ្ហាលក់ដីបឹងនេះ អាជ្ញាធរតែងតែហៅប្រជាពលរដ្ឋនៅភូមិឆ្ងាយៗ មកផ្តិតមេដៃ ដើម្បីចូលរួមលក់ដីបឹងរបស់រដ្ឋ» ប៉ុន្តែពេលនេះអាជ្ញាធរខេត្តកំពត ទើបតែដឹងរឿងពេលដែលមកដាំកូនត្នោតនៅខ្សែក្រវ៉ាត់ព្រំដែននៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ជិតព្រំដែនវៀតណាម បានមើលឃើញទិដ្ឋភាពលក់ដីបឹងធម្មជាតិ  និងដាំបង្គោលឡូត៍ និងព្រំប្រទល់ដីព្រោងព្រាតលើដីបឹងថែមទាំងមានប្លង់ទៀត។
   មន្ត្រីសាលាស្រុកំពង់ត្រាច បាននិយាយថា «អាជ្ញាធរខេត្តមានគម្រោងដកដីទាំងនោះមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋវិញ»៕