2023-08-13 11:08
135

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣នេះថា៖ សុខភាពសំខាន់ណាស់សូម្បីតែលុយក៏មិនអាចទិញបានដែរ ដូច្នេះការស្វែងយល់ពីអាហារដែលមានសុវត្ថិភាពគឺសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់។ 
    ប្រភពដដែលបន្តថា ការបរិភោគអាហារឱ្យបានត្រឹមត្រូវ គឺចាំបាច់ត្រូវការសិក្សាស្វែងយល់ និងជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាពចំពោះអ្នកប្រើប្រាស់ រីឯការគោរពច្បាប់គឺរឹតតែសំខាន់ទៅទៀតចំពោះធុរជន។ ដូច្នោះហើយទើបអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការដឹកនាំដោយឯកឧត្តមផានអូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងណែនាំដល់មន្រ្តីក្រោមឱវាទត្រូវខិតខំការពារសុខុមាលភាពប្រជាពលរដ្ឋដែលអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ច តាមរយៈចុះត្រួតពិនិត្យជាប្រចាំនៅតាមឃ្លាំងស្កុក លក់ ចែកចាយ ទីផ្សារ មធ្យោបាយដឹកជញ្ជូន ផ្ទះលក់ ឬធុរកិច្ចតាមប្រព័ន្ធអនឡាញជាដើម។ 
   ជាក់ស្ដែងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣ មន្រ្តជំនាញ ក.ប.ប. ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញបានចាប់បាន និងដកហូតទំនិញមិនមានអនុលោមភាព ពោលគឺទំនិញខូចគុណភាព រំលោភសិទ្ធិផ្ដាច់មុខ និងមិនមានបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ចំនួន ២៧៥.៥៥គីឡូក្រាម និងពិន័យទៅតាមនីតិវិធីផងដែរ៕