2024-04-01 04:04
54

បន្ទាយមានជ័យ៖ សាកសពជនរងគ្រោះដែលត្រូវឃាតករសម្លាប់រួចដុតក្នុងគំនរសំរាម ដើម្បីបំបិទភស្តុតាង នៅក្រុងប៉ោយប៉ែត ត្រូវបានស្គាល់អត្តសញ្ញាណហើយ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ។

សពជនរងគ្រោះមានឈ្មោះ ហុក ដុល្លា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកគិតលុយនៅម៉ាត នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយភ្លើងឆេះខ្លោចក្នុងរណ្តៅសំរាម នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ត្រង់ចំណុច ខាងជើងស្នាក់ការគណបក្សក្រុងប៉ោយប៉ែត ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សូមជម្រាបថា សាកសពជនរងគ្រោះ ត្រូវបានលោក ថ្នឹង រីណា ជាអនុភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ថា មានក្មេងឃ្វាលគោប្រទះឃើញសាកសពម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវភក្លើងឆេះខ្លោច នៅក្នុងរណ្តៅចាក់សំរាម ដោយចំណងចងដៃស្លាបសេកមកក្រោយ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅកន្លែងដល់កើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ។

មន្ត្រីនគរបាលផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានខេត្តបន្ទាយជ័យ ព្រមទាំងគ្រូពេទ្យផ្នែកកោសលវិច្ឆ័យបានចុះពិនិត្យជុំវិញកន្លែងកើតហេតុ និងសាកសពជនរងគ្រោះមានស្នាកស្នាមកាប់ដាច់ ទំហំ៣ ស.មគុណ៤ស.ម, ប្រអប់ដៃខាងស្ដាំកាប់ដាច់ទំហំ ៣ស.មគុណ៥ស.ម, កាប់ដាច់ឆ្អឹងកែងដៃខាងស្ដាំ ទំហំ ២.៥ស.មគុណ៧ស.ម, កាប់ដាច់គល់ភ្លៅខាងក្រោយផ្នែកខាងឆ្វេង ទំហំ៥.៥ស.មគុណ១៥ស.ម។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសូរិយ៉ារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ 
ជុំវិញករណីឃាតកម្មដុតសាកសពនេះ កម្លាំងសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕