2023-03-23 10:03
563

 

កំពង់ឆ្នាំង៖ កងទ័ពនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានរួមសហការគ្នាបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ជាលើកទី៥ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក តំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០២៣នេះ ជាលើកទី៥ ដែលធ្វើឡើងរួមគ្នាក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» បានបើកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមយុទ្ធនាគមាសលើកទី៥ សម្រាប់ឆ្នាំ២៩២៣នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។ ជាពិសេស ដើម្បីផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា  សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់ ចំនួន ៥៨៣នាក់។ ដោយឡែកកងទ័ពរំដោះប្រជាជនចិនមាន ចំនួន២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

សូមរំលឹងផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ គឺនៅឆ្នាំ២០១៦ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងមក៕