2023-08-04 12:08
221


ភ្នំពេញ៖     ប្រពន្ធតារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU ដោយសារស្ថានភាពធ្ងន់ធ្ងរមិនទាន់ដឹងខ្លួន បន្ទាប់ពីជួបបញ្ហាសុខភាពដោយសារចូលព្យាបាល និងកែសម្ផស្សក្នុងគ្លិនិចឯកជនល្បីឈ្មោះមួយយីហោ “S88 Beauty” ខុសបច្ចេកទេស គ្មានវិជ្ជាជីវៈ និងមិនទទួលខុសត្រូវរបស់ម្ចាស់គ្លីនិកតែម្តង។
   តាមប្រភពព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ប្រពន្ធរបស់តារាកំប្លែង “នាយពាក់មី” មានស្ថានភាពធ្ងន់ធ្ងរគួរឱ្យបារម្ភបំផុត ដែលកំពុងសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែការព្យាបាល និងកែសម្ផស្សខុសបច្ចេកទេសបង្កឱ្យមានបញ្ហាដល់សុខភាពបែបនេះ។
   យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី នៅព្រឹកថ្ងៃទី០៤ សីហា បានសរសេរបង្ហោះថា “ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី២ វេលាម៉ោង ១រសៀល តើម្ចាស់  S88 Beauty ទាំង១៣សេវា ជានរណា?”។
   តាមព័ត៌មានបឋម បានឱ្យដឹងថា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ កែសម្ពស្សមួយកន្លែង មានស្លាកយីហោ “អេស៨៨ ប៊ីយូធី ផ្សារធំថ្មី” ស្ថិតនៅចំណុចផ្ទះលេខ ១១០ ផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើកែសម្ពស្សឲ្យស្ត្រីម្នាក់ ដែលត្រូវបានគេដឹងថា ជាប្រពន្ធរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែងដ៏ល្បីល្បាញប្រចាំកម្ពុជា អាចមកពីការខ្វះបច្ចេកទេស ទើបធ្វើឲ្យស្ត្រីជាប្រពន្ធនាយពាក់មី មានអាការៈក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 
   តាមប្រភព័ត៌មាន បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ជា សុធីម អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ 14Eo ផ្លូវជាតិ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធតារាកំប្លែង នាយពាក់មី បានទៅទទួលសេវាកម្មកែសម្ពស្សនៅហាងកែសម្ផស្ស ០១កន្លែង ដែលមានស្លាកយីហោ “អេស ៨៨ ប៊ីយូធី ផ្សារធំថ្មី” នៅវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបន្ទាប់ពីទទួលសេវាកម្មព្យាបាល និងកែសម្ផស្សប្រពន្ធពាក់មីបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់មកកើតមានអាការៈធីងធោងមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះភ្លាមៗ។
   បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញ ដើម្បីចុះទៅពិនិត្យគ្លីនិកកែសម្ផស្ស យីហោ “S88 Beauty ផ្សារធំថ្មី” ដើម្បីសាកសួរ ប៉ុន្តែម្ចាស់ទីតាំងហាក់ដឹងរឿងខ្លួនមុនបានបិទទ្វាហាង និងគេចខ្លួនបាត់ដោយមិនហ៊ានចេញមុខទទួលខុសត្រូវឡើយ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះធ្វើការត្រួតពិនិត្យរួច មន្ត្រីជំនាញបានដកហូតវត្ថុពាក់ព័ន្ធមួយចំនួន ដើម្បីយកទៅពិសោធន៍ តាមក្បួនវិជ្ជសាស្ត្រ របស់ក្រសួងសុខាភិបាលផងដែរ។

   ចំពោះទីតាំងហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សារធំថ្មី” ត្រូវបានគណៈកម្មាធិការធ្វើកំណត់ហេតុ សម្រេចបិទ និងផ្អាកដំណើរការជាបណ្តោះអាសន្ន និងបានអះអាងថា ទីតាំងហាងកែសម្ផស្សមួយនេះ បើករកស៊ីព្យាបាល និងកែសម្ផស្សដោយគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលឡើយ ហើយម្ចាស់ទីសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវស្វែងរក ដើម្បីឱ្យចូលខ្លួបមកបំភ្លឺ និងចាត់វិធានការតាមនីតិវិធីច្បាប់។
   ពាក់ព័ន្ធការអះអាងរបស់គណៈកម្មាធិការចម្រុះដែលចុះបិទគ្លីនិកកែសម្ផស្សឯកជន យីហោ “S88 Beauty ផ្សារធំថ្មី” ថាម្ចាស់ទីតាំងខាងលើនេះ បើកដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ធ្វើឱ្យមហាជនលើជាសំណួរថា បើបើកព្យាបាល និងកែសម្ផស្សគ្មានច្បាប់បែបនេះ ហេតុអ្វីថៅកែហាកែសម្ផស្សបានជាអស់លោកជាមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសអាជ្ញាធរមិនចុះបង្ក្រាបទុកបណ្តោយរហូតកើតមានបញ្ហាលើជនរងគ្រោះទើបថាអត់ច្បាប់ ឬមួយមានអ្វីនៅពីក្រោយ…..?