2023-08-04 02:08
541

ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ស្ថានភាពសុខភាពរបស់លោកស្រី ជា សុធីម ប្រពន្ធតារាកំប្លែង «នាយពាក់មី» បានធូស្រាយបន្តិចហើយ គឺអាចងើបអង្គុយ និងយាយបានធម្មតា បន្ទាប់ពីមានការខិតខំប្រឹងប្រែងជួសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងរយៈពេល ០២ថ្ងៃកន្លងមកនេះ ខណៈតារាកំប្លែងនាយពាក់មីទាមទាឱ្យម្ចាស់ហាងកែសម្ផស្ស យីហោ  “អេស៨៨ ប៊ីយូធី ផ្សារធំថ្មី”  ចេញមុខមកដោះស្រាយចំពោះមុខសមត្ថកិច្ច ព្រោះលោកបានស្គាល់អត្តសញ្ញាហើយ។

 តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានសរសេរសារបង្ហោះលើបណ្តាញសង្គមថា “បានចេញពីបន្ទាប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទាប់សង្គ្រោះអស់រយៈពេល ០៣ថ្ងៃ”។ នាយពាក់មី បានសរសេរបន្ថែមថា “អរគុណបងប្អូនដែលជូនពរប្រពន្ធ ខ្ញុំកំពង់រងចាំដំណឹងពីសមត្ថកិច្ច”។ តារាកំប្លែងល្បីល្បាញលោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែង បានសរសេរបញ្ជាក់លើបណ្តាញសង្គមថា “ស្គាល់មុខម្ខាស់ហាងហើយ កុំគេចវេស មកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម!”។

 សូមជម្រាបថា ស្ត្រីរងគ្រោះជាប្រពន្ធតារាកំប្លែង “នាយពាក់មី” បានទៅទទួលសេវាកម្មកែសម្ពស្សនៅហាងកែសម្ផស្ស ០១កន្លែង ដែលមានស្លាកយីហោ “អេស ៨៨ ប៊ីយូធី ផ្សារធំថ្មី” នៅវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបន្ទាប់ពីទទួលសេវាកម្មព្យាបាល និងកែសម្ផស្សប្រពន្ធពាក់មីបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់មកកើតមានអាការៈធីងធោងមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត ឈឺក្នុងដើមទ្រូង និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះភ្លាមៗ។

 លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី០៤ សីហា នេះថា “ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី០២ ខែសីហា វេលាម៉ោង ១រសៀល តើម្ចាស់  S88 Beauty ទាំង១៣សេវា ជានរណា?”

 សូមបញ្ជាក់ថា ក្រោយពីកើតហេតុ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ទីតាំងកែសម្ពស្សមួយកន្លែង មានស្លាកយីហោ “អេស៨៨ ប៊ីយូធី ផ្សារធំថ្មី” ស្ថិតនៅចំណុចផ្ទះលេខ ១១០ ផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានកែសម្ពស្សឲ្យស្ត្រីម្នាក់ ត្រូវជាប្រពន្ធរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែងដ៏ល្បីល្បាញប្រចាំកម្ពុជា អាចមកពីការខ្វះបច្ចេកទេស ត្រូវកម្លាំងសមត្ថកិច្ចចម្រុះធ្វើការត្រួតពិនិត្យ និងសម្រេចបិទជាបណ្តោះអាសន្ន ហើយមន្ត្រីជំនាញបានដកហូតវត្ថុពាក់ព័ន្ធមួយចំនួន ដើម្បីយកទៅពិសោធន៍ តាមក្បួនវិជ្ជសាស្ត្រ របស់ក្រសួងសុខាភិបាលផងដែរ។

 ស្ត្រីរងគ្រោះមានឈ្មោះ ជា សុធីម អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ 14Eo ផ្លូវជាតិ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែងដ៏ល្បីល្បាញក្នុងវិស័យសិល្បៈប្រចាំកម្ពុជាតែម្តង។

 ចំពោះទីតាំងហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សារធំថ្មី” ត្រូវបានគណៈកម្មាធិការធ្វើកំណត់ហេតុ សម្រេចបិទ និងផ្អាកដំណើរការជាបណ្តោះអាសន្ន បានបញ្ជាក់ថា “ទីតាំងហាងកែសម្ផស្សមួយនេះ បើករកស៊ីព្យាបាល និងកែសម្ផស្សដោយគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលឡើយ”។

 បច្ចុប្បន្ន ស្ត្រីរងគ្រោះមានស្ថានភាពសុខភាពមានភាពល្អប្រសើច្រើនឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU អាចបរិភោកចំណីអាហារ និយាយស្តីបានជាធម្មតា ប៉ុន្តែកម្លាំងនៅទន់ខ្សោយនៅឡើយ៕