2023-08-15 03:08
143

 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តួកម៉េនីស្ថានបានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អនុញ្ញាតឱ្យលោកមូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ។

នាឱកាសនោះ លោករដ្ឋមន្ត្រីថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈដែល៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៤លាននាក់រួចទៅហើយ។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ក៏បានចូលរួមអបអរសាទរជាមួយលោករដ្ឋមន្ត្រី ថោង ខុន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលកំពុងសម្រេចបាននូវការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ព្រមទាំងទទួលបាននូវចំនួនភ្ញៀវទេសចរកើនឡើងជាបណ្ដើរៗឡើងវិញដែរ។ ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជាយ៉ាងដូច្នេះហើយទើបភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។

លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានបន្តថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

លោក មូហាំម៉េតនីយ៉ះ ក៏បានលើកឡើងជាសំណើរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថានដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ/អន្តរជាតិបន្ថែមទៀត រួមចំណែកសម្រេចបាននូវគោលដៅរួមគ្នាជំរុញលំហូរទេសចរទៅវិញទៅមក។

នៅក្នុងសប្ដាហ៍នេះដែរ លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានក៏នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាបដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរគ្រប់រូបប៉ងប្រាថ្នាចង់មកទស្សនា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងបានប្ដេជ្ញាបន្តកិច្ចសហការជាមួយភាគីតួកម៉េនីស្ថាន។ លោករដ្ឋមន្ត្រីក៏បានផ្ដល់ជាយោបល់សូមឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជានឹងភាគីតួកម៉េនីស្ថានដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃចំណងមិត្តភាពនិងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ។

គួរជម្រាបថា តួកម៉េនីស្ថានគឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕