2023-06-19 06:06
212


ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួចកាលពីវេលាម៉ោង ៣និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ ២០២៣នៅត្រង់ចំណុចខាងលិចភ្លើងស្តុបចេនឡាប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


   តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកឡិចសុីស IS250 ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2U-6899បើកបរដោយនារីស្រស់ស្អាតម្នាក់ស្រវឹងស្រាតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (២១៧)ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតទៅលើចំណីផ្លូវម្ខាង ធ្វើឱ្យរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។ តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
    ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕