2023-07-11 06:07
191


(កំពត) ៖      នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ង៉ែត មករា បានប្រាប់ឱ្យដឹងថាមានបណ្តាម្ចាស់ក្រុមហ៊ុនទេសចរណ៍នៅខេត្តកំពតមានសុទិដ្ឋិនិយម បាននិងជឿជាក់១០០% ថានៅក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំង ពិសេសក្រោយពេលបោះឆ្នោតរួច ខណៈដែលបច្ចុប្បន្នភ្ញៀវជាតិ និងអន្តរជាតិ បាននិងកំពុងមកលេងកំពតកាន់តែច្រើននោះ។


   ម្ចាស់ក្រុមហ៊ុនទេសចរណ៍ “រ៉ូមេនទិក១៦៨ លោក ង៉ែត មករា បានប្រាប់ឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អ ធានាដល់ភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទើបធ្វើឲ្យអាជីវកម្មលោកអាចដំណើរការល្អប្រសើរ អាចឈរជើងបានជាង១០ឆ្នាំកន្លងមកនេះ។
   លោក ង៉ែត មករា  បានបង្ហាញសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលថា ក្រោយបោះឆ្នោតរួចវិស័យទេសចរណ៍នឹងមានការរីកចម្រើនច្រើនជាងមុន។
   ចំណែក កញ្ញា រ៉ា សុខគីម តំណាងក្រុមហ៊ុនទេសចរណ៍ កំពតសាត់ថលធួរ  បានប្រាប់ឲ្យដឹងដែរថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ស្ងប់ស្ងាត់នោះហើយមានភាពល្អប្រសើរ រយៈពេលមួយឆ្នាំចុងក្រោយនេះ កញ្ញា បាននិយាយឱ្យដឹងទៀតថា ឃើញមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តកំពតច្រើន ហើយគ្មានការភ័យខ្លាច ឬព្រួបារម្ភណ៍អំពីអសន្តិសុខណាមួយនោះឡើយ ជាពិសេសភ្ញៀវទេសចរណ៍របរទេស ថាស្រឡាញ់ ចូលចិត្ត មកលេងនៅកម្ពុជាសប្បាយ មានកន្លែងដើរលេងកម្សាន្តស្អាតច្រើន ប្រជាពលរដ្ឋចិត្តល្អ។
កញ្ញា រ៉ា សុខគីម បានជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឱ្យ ប្រទេសនឹងមានការរីកចម្រើនយ៉ាងខ្លាំង និងប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា ហើយភ្ញៀវទេចរជាតិ និងអន្តរជាតិនឹងបន្តមកលេងកម្សាន្តនៅខេត្តកំពតកាន់តែច្រើនជាងមុនផងដែរ។
   បើតាមមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា មានក្រុមហ៊ុនទេសចរណ៍បានបើកដំណើរការឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ស្ងប់ស្ងាត់ល្អប្រសើរ ហើយស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេង កម្សាន្តនៅខេត្តកំពតបច្ចុប្បន្នមានលក្ខណៈយ៉ាងល្អប្រសើរ នៅក្នុងមួយសប្តាហ៍ជាមធ្យមស្ថិតក្នុងរង្វង់៣ម៉ឺននាក់។