2023-10-11 03:10
339

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកScoopyមួយគ្រឿងយ៉ាងលឿនហេីយបានគេចពីជង្ហុកជ្រុលចូលទៅផ្លូវម្ខាងទៀតបុកជាមួយម៉ូតូម៉ាកNex ដែលកំពុងជិះឌុបគ្នាពីរនាក់ទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូScoopy ដួលបោកក្បាលស្លាប់ក្បែរម៉ូតូភ្លាមៗចំណែកឯភាគីម៉ូតូម្ខាងទៀតរងរបួសធ្ងន់ទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សយ ប៉េងឆៃ ភេទប្រុស អាយុ២៣ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកវិស្វករ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជិតវត្តដំបូលខ្ពស់ ក្នុងខណ្ឌមានជ័យ និងមានស្រុកកំណើត នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់និងនារីម្នាក់ទៀតជិះម៉ូតូម៉ាក SUZAKI NEXមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CC- 1106 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសរងគ្រោះម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដាScoopyពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1JN-4408 ជិះម្នាក់ឯងតាមបណ្តោយផ្លូវ៣៧១ ទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចដែលកើតហេតុខាងលើក៏បានគេចពីជង្ហុករេចង្កូតទៅខាងឆ្វេងដៃចូលផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូម៉ាក Nexចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីម្ចាស់ម៉ូតូScoopy ដួលបោកក្បាលស្លាប់ភ្លាមៗនៅក្បែរម៉ូតូ ។ ចំណែកភាគីខាងម៉ូតូម៉ាកNexវិញរងរបួសធ្ងន់ទាំងពីរនាក់ និងត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះអាយុជីវិត ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕