2023-06-09 10:06
333


ព្រះសីហនុ៖ ក្រុមជនល្មើសមានគ្នា ចំនួន ០២នាក់ បានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ទៅលើរថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់នៅក្រុងព្រះសីហនុ ភ្លាមៗក្រោយពេលកើតហេតុកម្លាំងកងអន្តរាគមន៍ចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ឃាត់បានជនសង្ស័យតែម្តង។ 


ហេតុការណ៍បាញ់រះយ៉ាងអនាធិបតេយ្យទៅលើជនរងគ្រោះ កំពុងបើករថយន្តនេះ កើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤០នាទី នៅចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ 
របាយការណ៍ប៉ូលិសបានឲ្យដឹងថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយជនសង្ស័យ ចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ទៅលើរថយន្ត ០១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់។ 
តាមរបាយការណ៍បានឲ្យដឹងទៀតថា ភ្លាមៗបន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រកឃើញសំបកគ្រាប់កាទុស ចំនួន ០៣គ្រាប់ និងក្រោយការសាកសួរទៅលើជនរងគ្រោះ និងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០០និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឆ្នាំដដែល សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យវចំនួន ០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។ 
ចំពោះសម្ភារៈវត្ថុតាងដកហូតបាន រួមមាន៖ សំបកគ្រាប់កាទុស ចំនួន ០៣គ្រាប់ ,អាវុធខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ A7007 បង់ ១ គ្រាប់ ចំនួន ០៣គ្រាប់ ,ស្រោមអាវុធខ្លី ១ និងទូរស័ព្ទ ចំនួន ០២គ្រឿង។ 
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំតាមនិតិវិធីជំនាញ៕