2024-03-23 11:03
27

ដើម្បីផ្សារភ្ជាប់រវាងវិស័យឯកជន និងកងកម្លាំងប្រដាប់អាវុធនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់ក្នុងពេលខាងមុខ និងទឹកចិត្តស្រលាញ់បងប្អូនកងកម្លាំងដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តមិនខ្លាចនឿយហត់ធ្វើការបម្រើប្រទេសជាតិ និងប្រជាជន នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ ឧកញ៉ាចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញបាននាំយកទឹកក្រូច,ស្រាបៀ,ទឹកសុទ្ធជូនតំណាងអង្គភាពតំបន់ប្រតិបត្តិការសឹកររងខេត្ត,ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត,ស្នងការនគរបាលខេត្តរតនគិរី។
    ឧកញ៉ា ចិន សំណាង ថ្លែងថា ទោះបីអំណោយមានតិចតួចក្តី តែនេះទឹកចិត្តសទ្ធាជ្រះថ្លាជួយកងកម្លាំងយើងបានមួយចំណែកដែរ។ឧកញ៉ាចិន សំណាងបន្តថាកន្លងទៅក្រុមការងារលោកបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការផងដែរ។
    ឧកញ៉ារូបនេះ បញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅរូបលោកបានអមដំណើរលោកស្រីឧកញ៉ាហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាបឋមសិក្សាហ៊ុន ស៊ីណាត ស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ និងចូលរួមជាពុទ្ធសាសនូបត្ថម្ភចូលរួមតេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តបរឡយ ឃុំកិះចុង ស្រុកបរកែវជាហូរហែផងដែរ។
   តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទខេត្តរតនគិរី ថ្លែងអំណរគុណជូនចំពោះឧកញ៉ាចិន សំណាង ដែលបានឧបត្ថម្ភភេសជ្ជៈ និងស្រាបៀសម្រាប់ចាត់ចែងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ពិធីប្រគល់ និងទទួលធ្វើនៅស្នងការនគរបាលខេត្តរតនគិរីដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុង១អង្គភាពទទួលបានភេសជ្ជៈចំនួន១៥កេស,ទឹកសុទ្ធ១០កេស និងស្រាបៀចំនួន១៥កេស។ដោយឡែកមន្ទីរព័ត៌មានខេត្តរតនគិរីទទួលបានភេសជ្ជៈចំនួន៥កេស និងស្រាបៀចំនួន៥កេសផងដែរ៕