2023-04-10 05:04
275

កំពត៖  រថយន្តហ្ស៊ីបមួយគ្រឿង បើកបុកម៉ូតូ ចំនួន០២គ្រឿង ពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៣ រួចតៃកុងរត់គេចខ្លួនបាត់

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

នគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ កឹម តុល អាយុ ៥២ឆ្នាំ មានទីលំនៅភូមិឃុំ-កើតហេតុនេះ។ ចំណែកអ្នករងរបួសឈ្មោះ សំ ពេជ្រ អាយុ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាកហ្ស៊ីបមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា S.I.8988 បើកបរក្នុងល្បឿនលឿន បានបុកម៉ូតូ ចំនួន០២គ្រឿង ពីក្រោយដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសបាក់ភ្លៅធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្កចុះពីលើរថយន្តរត់គេចខ្លួនពីការទទួលខុសត្រូវបាត់ស្រមោលឈឹង។

បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។  ចំណែកវត្ថុតាងយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកតៃកុងរថយន្ត និងកសាងសំណុំរឿងតាមផ្លូវច្បាប់៕