2024-01-30 11:01
63

(តាកែវ)៖ ក្រោយទទួលបានព័ត៌មានកសិករម្នាក់ ដែលទទួលរងគ្រោះដោយសារជនបង្កដុតស្មៅ រាលទៅឆេះដល់ស្រូវរបស់ខ្លួន ទើបដែលច្រូតរួច ជាងកន្លះតោន នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ តែមិនទទួលបានសំណងត្រឹមត្រូវ កាលពីពេលថ្មីៗនេះ  រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កសិករខាងលើនេះបានទទួលយុត្តិធម៌វិញហើយ ដោយទទួលបាននូវសំណង ដែលសមស្របទៅនឹងការខូចខាត ថែមទាំងទទួលបាននូវអំណោយជួយសម្រាល នូវការខ្វះខាតភ្លាមៗក្នុងពេលតែមួយ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៀតផង។
    លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឲ្យដឹង ថា កសិកររងគ្រោះមាន ឈ្មោះ យន ឡាច អាយុ ៥៩ឆ្នាំ គាត់ពិតជាទទួលរងនូវរឿងអយុត្តិធម៌នេះមែន ជីវិតជាអ្នកស្រែ គឺគ្មានអ្វីពឹងផ្អែកក្រៅពីស្រូវស្រែនោះទេ ។ដូច្នេះការដោះស្រាយដ៏សមស្របនៅពេលនេះ រួមនិងអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឲ្យគ្រួសារកសិកររូបនេះសប្បាយចិត្តណាស់ និងធូរស្រាលចិត្ត ពេលរួចបន្ទុកដ៏ធ្ងន់ធ្ងរនៃការខូចខាតនេះ។
   នៅក្នុងឱកាសចុះទៅសួរសុខទុក្ខដោយផ្ទាល់ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។

   នៅចំពោះមុខ លោកជំទាវ ម៉ែនារីសោភ័គ លោក យន ឡាច បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ១០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់គាត់។ 
   បន្ទាប់ពីកម្មវិធីខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន ៣៨គ្រួសារ រស់នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ឬទឹកត្រី ១យួរ និងឃីត ១កញ្ចប់ផងដែរ ៕