2023-10-11 08:10
302

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារយុវជនបណ្តាញសង្គមខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោកបណ្ឌិត សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្ត។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាលសួរសុខទុក្ខ និងកោតសរសើរចំពោះយុវជន យុវនារីក្រុមការងារបណ្តាញសង្គមទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយ និងសូមបន្តផ្សព្វផ្សាយឱ្យកាន់តែផុសផុលបន្ថែមទៀត នូវរាល់ព័ត៌មានអភិវឌ្ឍន៍នានា សកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានកសាងចេញជារូបរាងឡើងទាំងនាពេលកន្លងមក ក៏ដូចជាបន្តកសាងនាពេលបច្ចុប្បន្ន និងនៅអនាគតយ៉ាងច្រើនបន្ថែមទៀត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបង្ហាញប្រាប់ទៅកាន់ក្រុមយុវជន ឱ្យយល់កាន់តែច្បាស់ពី «យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំណុចជាសំខាន់រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព» របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង «យុទ្ធសាស្រ្តអាទិភាពទាំង៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។

ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ឱ្យបន្តខិតខំរៀនសូត្រ និងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនាធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។

ជាពិសេសប្អូនៗក្រុមការងារបណ្តាញសង្គម ដែលប្រលងជាប់ថ្នាក់ទី១២ទាំងអស់ លោកបណ្ឌិត បន្តលើកទឹកចិត្តនឹងស្វែងរកអាហារូបករណ៍ផ្តល់ជូនបើស្វែងរកមិនបាន លោកបណ្ឌិតនឹងចេញថវិកាផ្ទាល់ខ្លួនរ៉ាង់រងឱ្យប្អូនៗបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ដើម្បីជាអ្នកបន្តវេន ជាកោសិកាជាតិ ជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់សង្គមជាតិកម្ពុជា ជាពិសេសសម្រាប់ខេត្តត្បូងឃ្មុំតែម្តង។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់ជូនថវិកាមួយចំនួនដល់ប្អូនៗយុវជន សម្រាប់ធ្វើបុណ្យជាមួយក្រុមគ្រួសារ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារយុវជនបណ្តាញសង្គមខេត្ត ដែលដឹកនាំដោយលោកបណ្ឌិត សេង ជ័យវុធ នាយករដ្ឋបាលខេត្ត តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយយ៉ាងផុសផុលរាល់សកម្មភាព និងការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដល់មហាជនទូទៅ៕