2024-01-24 08:01
75

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហោះសារក្រើនរំឭក និងដាស់តឿនដល់អ្នកបើកបរទាំងឡាយដែលចូលចិត្តផឹកគ្រឿងស្រវឹងយ៉ាងដូច្នេះថា «អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង!»។

លោកឧបនាយករដ្ឋមន្ត្រី បានសរសេរថាៈ «ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍»។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ លោកលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គឺ «ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។ 

ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា «ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត»។ 

ក្នុងនោះដែរ លោកក៏បានលើកយកមាត្រា ៨៥ នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក មកពន្យល់ថាៈ «បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡេីងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រេីននាក់ជាដេីម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡេីយទេ»។ 

ជាមួយគ្នានេះ សម្ដេចធិបតី នាយកដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួន និងវាយខ្នោះជាបន្ទាន់រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហេីយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបេីកបរក្នុងស្ថានភាពស្រវឹងហេីយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ 

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កេតឃើញថាៈ  បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ០៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ 

លោករដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតថាៈ រឿងហេតុនេះ បានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ «នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះទៀត ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី មានសេចក្ដីសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក «បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!», «សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស!», «សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាករសម្លាប់មនុស្ស!»៕