2023-12-22 04:12
144

បន្ទាយមានជ័យ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ ចំពោះករណីចុះផ្សាយលើសារព័ត៌មានរបស់ថៃថា ករណីជនជាតិថៃ ចំនួន ០៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីឲ្យសមត្ថកិច្ចជួយសង្រ្គោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា «ត្រូវចាញ់បោកក្រុមបងធំនាំឲ្យទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត» សមត្ថកិច្ចរកពុំទាន់ឃើញមានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់ឡើយ។
    អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃ ចុះផ្សាយថា៖ « ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីឲ្យសមត្ថកិច្ចថៃជួយសង្រ្គោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា ត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃ ចំនួន ០៩នាក់ខាងលើ»។
    អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនជាតិថៃ ចំនួន ១៧នាក់ ស្រី ១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខ A7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យពាក់ព័ន្ធនឹងជនជាតិថ ចំនួន ០៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។
    យោងតាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ និងស្ដាប់ការបំភ្លឺរបស់អ្នកពាក់ ព័ទ្ធជុំវិញរឿងហេតុខាងលើឃើញថា ជនជាតិថ ០៩នាក់បានឈ្លោះប្រកែកគ្នាដុតឆេះបន្ទប់ដេក និងបានបើអំពើហិង្សាលើសន្តិសុខពេលចូលឃាត ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ទើបនាំគ្នារត់គេចខ្លួនលោតផ្លោះរបងបន្លាលួសបណ្ដាលអោយមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ 
  អ្នកនាំពាក្យបានបន្ថែមទៀតថា ចំពោះការប្រើអំពើហិង្សា និងបង្ខាំងទៅលើជនជាតិថៃ ចំនូន ០៩នាក់ គឺសមត្ថកិច្ចរកពុំទាន់ឃើញ មានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់របស់សារព័ត៌មានថៃបានចុះផ្សាយនោះទេ៕