2023-04-18 10:04
423

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងថា ករណីលោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដែលផ្ទុះអាវុធត្រូវចំប្រជាពលរដ្ឋ រងរបួសធ្ងន់ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនោះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការលើកលែងទេ។

លោកស្នងការបានបន្ថែមទៀតថា  "ជនសង្ស័យត្រូវបញ្ជូនទៅតុលាការផង និងដាក់ពិន័យកងកម្លាំងផង"។

តាមប្រភពព័ត៌មាន ពីក្រុមគ្រួសារ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យមិនអាចវះកាត់ យកក្បាលគ្រាប់កាំភ្លើងចេញនៅឡើយទេ ព្រោះបៀមកប់ជ្រៅក្នុងថ្លើម។

ជនរងគ្រោះមាន ឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសធ្ងន់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ ឆ្នាំ ជាអធិការរងស្រុកបាភ្នំ មានទីលំនៅនៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួន។

សេចក្ដីរាយការណ៍ពីគ្រួសាររងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ ត្រូវគ្រាប់ត្រង់”ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹងហើយផ្លាតក្បាលគ្រាប់បៀមជាប់ថ្លើមជ្រៅ” ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចប៉ូលិសស្រុកបាភ្នំ ចំនួន០៤នាក់ ដឹកនាំដោយលោក ស៊ាន ប៊ុនណាល់ អធិការងស្រុកបាភ្នំ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងផ្ទុះអាវុធមួយគ្រាប់ត្រូវចំប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ភ្លាមៗនោះពលរដ្ឋបានព័ន្ធចាប់ជនដៃដល់រួម និងប៉ូលិស០៣នាក់ទៀតតែម្ដង។

តាមវរសេនីយ៍ឯក លោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់ថានៅ ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេ ។ ពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់។

បច្ចុប្បន្ន ជងរងគ្រោះកំពុងស្ថិតក្នុងកឬសង្គ្រោះបន្ទាន់ និងជនដៃសមត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ៕