2023-12-15 10:12
93

ភ្នំពេញ៖ បុរសម្នាក់បានផ្លោងបោកក្បាលស្លាប់យ៉ាងអាណោចអាធម៌បំផុតភ្លាមៗ នៅនឹងកន្លែងកើត បន្ទាប់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក Jeep បុកអូសជាច្រើនម៉ែត្រ និងជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខាងលើ កើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ ៣១៧ កែងផ្លូវ ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀង គីមហុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសរងគ្រោះបើកបរម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-5396 ធ្វើដំណើរម្នាក់ឯងតាមបណ្តោយផ្លូវ ៥៦៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ដល់ចំណុចគ្រោះថ្នាក់បានជិះឆ្លងផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើប ម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១៧ ក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនបានបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យផ្លោងបោកក្បាល ហើយម៉ូតូចូក្រោមរថយន្តអូសជាច្រើនម៉ែត្រជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ បានចុះមកដល់ទីតាំងកើតហេតុ សហការជាមួយមន្ត្រីជំនាញផ្នែកចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុរួចស្ទូចយករថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក និងម៉ូតូ ចូលខ្លួនធ្វើការដោះស្រាយតាមផ្លូវច្បាប់៕