2023-06-23 04:06
144

 

ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូតាមដងផ្លូវថៃហ្គ័រក្នុងល្បឿនលឿន រួចបានរេចង្កូតទៅបុកជាមួយរថយន្តកុងតឺន័របើកបរទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿលឿនចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា  ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រទល់មុខនឹងក្រុមហ៊ុនស្រាបៀរHeineken ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ ពូន សាមគ្គី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាZooner X ពណ៌ស លាយត្រួយចេក មួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1W-1116ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងក្រុមហ៊ុន ស្រាបៀរ Heineken ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ 3A-8056 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវថៃហ្គ័រទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅខាងឆ្វេងដៃបុកចំពីមុខម៉ូតូជនគ្រោះយ៉ាងពេញទំហឹងរួចកិនពីលើម៉ូតូនិងជនរងគ្រោះជាប់នៅខាងក្រោមអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម។ 
ភ្លាមនោះដែរតៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនតែត្រូវបានពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯងដើម្បីសាកសួរនិងចាត់ការទៅតាមច្បាប់។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងនិងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕