2023-09-25 04:09
166

(រតនគិរី)៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគចែកជូនបងប្អូនប្រជាពលរដ្ឋជាចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការនៅតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ រស់នៅឃុំចំនួន២គឺឃុំលំជ័រ និងឃុំប៉ាតេនៅស្រុកអូរយ៉ាដារខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំមេភូមិផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។

លោកបន្ថែមថា «បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ»។

អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះប្រកបដោយស្មារតីគាំទ្រជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំនាំឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម  មី១កេស  ត្រីខ១យួរ  មុង១    ភួយ១និងថវិកាមួយចំនួនផងដែរ៕