2024-02-05 11:02
66

(ភ្នំពេញ) ករណីអគ្គីភ័យដែលបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោងប្រមាណ២និង ៣៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើតាមរបាយការណ៍របស់សមត្ថកិច្ចការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះផ្ទះអស់២ល្វែងទាំងស្រុង និងមួយខ្នងទៀត ខូចខាតមួយផ្នែក ព្រមទាំងសម្ភារៈមួយចំនួនគិតជាទឹកប្រាក់អស់ រាប់ម៉ឺនដុល្លារ។

របាយការណ៍ខាងលើនេះបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន១៥៦ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើទឹកអស់១១០ឡាន, រថយន្ដនាយកដ្ឋានជំនាញ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង ប្រើទឹកអស់ចំនួន១៥ឡាន, រថយន្តអគ្គិភ័យបញ្ជាការទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៩ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនជីបម៉ុនលែន ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន និងរថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន៤ឡាន។

សមត្ថកិច្ចបានអះអាងថា ប្រតិបត្តិការនេះការជួយសង្គ្រោះប្រើប្រាស់ពេលប្រមាណ៤ម៉ោង ពោលគឺរហូតមកដល់ម៉ោង៦និង១៥នាទីល្ងាចទើបអាចគ្រប់គ្រងបានទាំងស្រុង។ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោោយឡែក សម្រាប់មូលហេតុវិញ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ៕